top of page

ដល់ពេលមួយ - At That Time

Updated: Feb 6


ក្នុងពេលនេះ តើអ្វីទៅដែលចៅយល់ថាសំខាន់បំផុតសម្រាប់ចៅ? ពេលនោះ ចៅប្រុសក៏បានឆ្លើយថា សម្រាប់ចៅក្នុងពេលនេះ អ្វីដែលចៅយល់ថាសំខាន់បំផុត គឺចង់ក្លាយជាសិស្សពូកែរៀនជាប់លេខមួយ។
ក្នុងពេលនេះ តើអ្វីទៅដែលចៅយល់ថាសំខាន់បំផុតសម្រាប់ចៅ? ពេលនោះ ចៅប្រុសក៏បានឆ្លើយថា សម្រាប់ចៅក្នុងពេលនេះ អ្វីដែលចៅយល់ថាសំខាន់បំផុត គឺចង់ក្លាយជាសិស្សពូកែរៀនជាប់លេខមួយ។

មានជីតាម្នាក់បានអង្គុយនៅជិតចៅប្រុសវ័យជំទង់ម្នាក់ ដោយទាំងតាទាំងចៅអង្គុយនៅលើវាលស្មៅ កំពុងមើលទេសភាពថ្ងៃរៀបលិចជាមួយគ្នា។ ស្របពេលនោះ មានកូនក្មេងបួនប្រាំនាក់កំពុងលេងនៅលើវាលស្មៅទាំងសើចក្អាកក្អាយផងដែរ។ ជីតាបានសួរទៅកាន់ចៅប្រុសថា ក្នុងពេលនេះ តើអ្វីទៅដែលចៅយល់ថាសំខាន់បំផុតសម្រាប់ចៅ? ពេលនោះ ចៅប្រុសក៏បានឆ្លើយថា សម្រាប់ចៅក្នុងពេលនេះ អ្វីដែលចៅយល់ថាសំខាន់បំផុត គឺចង់ក្លាយជាសិស្សពូកែរៀនជាប់លេខមួយ។ វាគឺជាក្តីប្រាថ្នារបស់ចៅ។ លោកតាញញឹម និងងក់ក្បាល ហើយក៏បន្តសួរទៀតថា ចុះមានអ្វីផ្សេងទៀតទេ? ចៅប្រុសបានគិតបន្តិច ហើយក៏ឆ្លើយថា គ្មានទេ! អ្វីដែលចៅបានជម្រាបលោកតាមុននេះ គឺសំខាន់ជាងគេហើយ។


ជីតាបាននិយាយទៅកាន់ចៅប្រុសថា សេចក្តីប៉ងប្រាថ្នារបស់ចៅគឺល្អ ស្ថិតនៅក្នុងគោលបំណងល្អ តាគ្រាំទ្រ។ ប៉ុន្តែតាគ្រាន់តែចង់ប្រាប់គោលបំណងមួយទៀត ដែលសំខាន់បំផុតសម្រាប់ចៅ។ ដឹងទេ! ដល់ពេលមួយ ចៅនឹងលែងចង់បានអ្វីដែលចៅចង់បាន។ ដល់ពេលមួយ ចៅនឹងលែងរំភើបនូវអ្វីដែលចៅគិតថាអស្ចារ្យ។ ប៉ុន្តែដល់ពេលមួយ ចៅនឹងរីករាយនូវអ្វីដែលមិនសូវចាប់អារម្មណ៍។ ដល់ពេលមួយ ចៅនឹងឱ្យតម្លៃនូវអ្វីដែលចៅគិតថាគ្មានតម្លៃ។ អារម្មណ៍ដែលធ្លាប់ឆេះឆួល ក៏ត្រូវបានរលត់ដូចជាភ្លើងទៀន។ អារម្មណ៍ត្រេកត្រអាល ក៏ប្រែទៅជានឹងធឹងធម្មតាវិញ។


បន្ថែមពីនេះ ជីតាបានឱ្យចៅប្រុសក្រឡេកមើលក្មេងៗកំពុងតែរុញកូនឡានជ័រលេង។ នៅពេលនោះ ជីតាបាននិយាយទៅកាន់ចៅប្រុសថា កាលពីតានៅក្មេង តាគិតថាប្រដាប់ប្រដាក្មេងលេងនេះហើយ ដែលតាគិតថាសំខាន់ជាងគេ ចូលចិត្តលេងជាងគេ និងចង់បានជាងគេ គឺមិនខ្វល់ខ្វាយពីអ្វីផ្សេងទៀតឡើយ។ នៅពេលតាដល់វ័យជំទង់ តាក៏លែងចាប់អារម្មណ៍នឹងរបស់ទាំងអស់ហ្នឹងទៀត ព្រោះវាគ្មានន័យអ្វីទៀតសម្រាប់តា។ ផ្ទុយពីនេះ តាបែរជាមកចាប់អារម្មណ៍នឹងសេចក្តីស្នេហាវិញម្តង ហើយតាគិតថា សេចក្តីស្នេហានេះហើយសំខាន់ជាងគេសម្រាប់តា។ ក៏ប៉ុន្តែនៅពេលតារៀបការរួច អ្វីដែលតាគិតថាចង់បានហើយសំខាន់ជាងគេ គឺសុភមង្គល និងមានលុយច្រើននៅក្នុងគ្រួសារ។ បន្ទាប់ពីនេះទៀត រហូតដល់ពេលនេះផ្ទាល់ អ្វីដែលតាគិតថាសំខាន់បំផុត គឺជីវិត ហើយនិងសេចក្តីស្រឡាញ់ ដ្បិតមនុស្សគ្រប់រូបត្រូវការសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់នោះ គឺជាព្រះជាម្ចាស់។


នៅពេលនេះ តាស្ថិតនៅក្នុងគោលបំណង និងស្គាល់អាទិភាពពិតប្រាកដនៃជីវិត។ តាលែងមានអារម្មណ៍ត្រេតត្រអាលនឹងអ្វីផ្សេងទៀត ក្រៅពីចិត្តស្ងប់នៅក្នុងក្ដីស្រឡាញ់នៃព្រះ។ លែងចង់បានលុយ លែងចង់បានផ្ទះធំ លែងចង់បានកេរ្តិ៍ឈ្មោះ ឬ កិត្តិយស។ អ្វីទាំងនេះហាក់ដូចជាគ្មានន័យអ្វីទៀតសម្រាប់តា។ អ្វីដែលមនុស្សយល់ថាកិច្ចការនេះ កិច្ចការនោះសំខាន់បំផុត ហើយមានតម្លៃ វាស្ថិតនៅក្នុងភាពគ្មានន័យអ្វីសម្រាប់តា ហើយវាស្ថិតនៅក្នុងភាពរាយរងសម្រាប់តាវិញ។ មនុស្សយើង បើអស់ខ្យល់ដង្ហើម ឬ អស់ជីវិតហើយ នោះអ្វីគ្រប់យ៉ាងក៏ចប់ទៅតាមហ្នឹងដែរ។ ដូចនេះ គ្មានអ្វីពិសេសជាង ឬ មានតម្លៃជាងជីវិតនោះទេ! អ្វីដែលគេយល់ថាឡូយ តាមើលមិនឃើញឡូយសោះ ព្រោះតាស្គាល់អ្វីដែលជាអាទិភាពជាងនេះ។ អ្វីដែលមនុស្សយល់ថាជាកិត្តិយស តាមើលឃើញថាវាជាភាពមិនស្ថិតស្ថេរ និងមិនទៀងទាត់។


នៅពេលយើងស្គាល់អាទិភាពពិតប្រាកដ នោះយើងនឹងមើលឃើញអ្វីៗផ្សេងៗទៀត ជាការបន្ទាប់បន្សំ ឬជាការរាយរង។ ជាពិសេស យើងចេះរស់នៅបែងចែកបានច្បាស់លាស់ រវាងអ្វីដែលជាអាទិភាព និងការបន្ទាប់បន្សំក្នុងជីវិត។ នៅពេលយើងរកឃើញអាទិភាព ឬគោលបំណងពិត នោះការបន្ទាប់បន្សំ ឬការរាយរងនឹងមកតាមក្រោយ។ ដូច្នេះ តើអ្វីទៅជាគោលបំណងពិត ឬ អាទិភាពពិតប្រាកដនៅក្នុងជីវិតរបស់ចៅ? ចៅត្រូវរកវាឱ្យឃើញ ដើម្បីដើរតាមគោលបំណងពិតមួយនោះ ដើម្បីកុំឱ្យជីវិតនេះវង្វេងក្នុងពិភពលោកីយ៍។ ការដែលចៅធ្វើដូច្នេះ ចៅនឹងរស់នៅក្នុងគោលបំណងពិត ពេញដោយអំណរ និងមិនរស់នៅក្នុងភាពរាយរង ឬបន្ទាប់បន្សំក្នុងជីវិតនោះឡើយ។

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page