top of page

ចង់យល់អារម្មណ៍មួយនោះ!


ខ្ញុំអាចថ្លឹងអារម្មណ៍របស់អ្នកដែលធ្លាប់ចួបស្ថានភាពនោះដូចគ្នាបាន ដ្បិតខ្ញុំដឹងថា វាមានទម្ងន់ធ្ងន់ប៉ុណ្ណា ដោយអាចបញ្ជាក់ពីទំហំនៃការឈឺចាប់មួយនោះបាន។
ខ្ញុំអាចថ្លឹងអារម្មណ៍របស់អ្នកដែលធ្លាប់ចួបស្ថានភាពនោះដូចគ្នាបាន ដ្បិតខ្ញុំដឹងថា វាមានទម្ងន់ធ្ងន់ប៉ុណ្ណា ដោយអាចបញ្ជាក់ពីទំហំនៃការឈឺចាប់មួយនោះបាន។

ខ្ញុំតែងតែឆ្ងល់ និងចង់ស្គាល់អារម្មណ៍មួយ ដែលជាអារម្មណ៍ពិបាកនឹងផ្សះផ្សាក្នុងភាពបែកបាក់ និងចង់ទទួលបានបទពិសោធនៃអារម្មណ៍រំភើប ក្នុងអ្វីដែលខ្ញុំបានប៉ងប្រាថ្នា។ ខ្ញុំធ្លាប់ឆ្ងល់ថា តើគេមានអារម្មណ៍យ៉ាងដូចម្តេច នៅពេលគេបែកបាក់មិត្តភាព? ព្រោះធ្លាប់តែឮគេប្រាប់ថា វាឈឺចាប់ និងពិបាកផ្សះផ្សា។ ជាក់ស្តែង នៅពេលខ្ញុំស្ថិតនៅក្នុងស្ថានភាពនោះផ្ទាល់តែម្តង អ្វីដែលគេបានប្រាប់ វាគ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះ ដ្បិតនៅពេលបានចួបផ្ទាល់ ខ្ញុំស្គាល់អារម្មណ៍មួយហ្នឹងច្បាស់ ថាវាមានទម្ងន់ប៉ុណ្ណា។ ខ្ញុំអាចថ្លឹងអារម្មណ៍របស់អ្នកដែលធ្លាប់ចួបស្ថានភាពនោះដូចគ្នាបាន ដ្បិតខ្ញុំដឹងថា វាមានទម្ងន់ធ្ងន់ប៉ុណ្ណា ដោយអាចបញ្ជាក់ពីទំហំនៃការឈឺចាប់មួយនោះបាន។


មួយវិញទៀត ខ្ញុំធ្លាប់ស្រមៃ និងចង់មានបទពិសោធនៃអារម្មណ៍សុខសាន្ត ហើយរំភើបក្នុងក្តីស្រមៃរបស់ខ្ញុំ។ តួយ៉ាង ខ្ញុំធ្លាប់ប៉ងប្រាថ្នាចង់ក្លាយជាអ្នកនិពន្ធ ដោយខ្ញុំស្រឡាញ់ផ្នែកតែងនិពន្ធបទចម្រៀង សៀវភៅ និងប្រលោមលោកជាដើម ហើយក៏ធ្លាប់ឮគេនិយាយថា នៅពេលដែលធ្វើការងារដែលខ្លួនស្រឡាញ់ និងមានអំណោយទាន ឬ ទេពកោសល្យ គឺធ្វើការអត់ដឹងហត់ទេ ហើយធ្វើវាដោយសេចក្តីស្រឡាញ់ពេញចិត្ត និងមានសេចក្តីសុខសាន្តនៅក្នុងចិត្តផងដែរ។ ពេលឮដូច្នោះ ខ្ញុំពិតជាចង់ភ្លក្សរសជាតិមួយនោះដែរ ប៉ុន្តែខ្ញុំមិនចេះពីរបៀបនិពន្ធនោះទេ។ ខ្ញុំឆ្ងល់ថា តើគេចាប់ផ្ដើមធ្វើវាដោយរបៀបណា? ហើយនៅពេលដល់ចំណុចមួយហ្នឹង តើនឹងមានអារម្មណ៍ដូចម្តេចទៅហ្ន៎? ព្រោះគ្រាន់តែគិត ក៏ខ្ញុំមានអារម្មណ៍រំភើបទៅហើយ ដ្បិតវាជាអ្វីដែលខ្ញុំស្រឡាញ់ខ្លាំង និងចង់ធ្វើវា។ ដូច្នេះ ខ្ញុំចង់យល់អារម្មណ៍មួយនោះ ថាវាមានលក្ខណៈដូចម្តេចខ្លះ។


តួយ៉ាងពេលនេះ ខ្ញុំស្ថិតនៅចំណុចមួយហ្នឹង គឺកំពុងស្ថិតនៅក្នុងស្រមៃរបស់ខ្ញុំផ្ទាល់តែម្តង។ ពិតណាស់ ខ្ញុំបាននិពន្ធសៀវភៅ ប្រលោមលោក និងបទចម្រៀងជាច្រើនបទ ផ្ដើមចេញពីក្តីស្រមៃ និងចិត្តស្រឡាញ់ ហើយចាប់ផ្ដើមធ្វើវា ដោយដើរចូលក្នុងក្តីស្រមៃនោះតែម្តង។ ជាក់ស្តែង អត្ថបទដែលអ្នកកំពុងអាននេះ គឺចេញពីក្តីស្រមៃរបស់ខ្ញុំកាលពីមុន។ ខ្ញុំគ្រាន់តែចង់ចែករំលែកបទពិសោធនេះ និងប្រាប់អ្នកតអំពីអ្វីដែលខ្ញុំធ្លាប់ស្រមៃ វាបានកា្លយទៅជាការពិត។ អ្វីដែលពិសេសនោះ ខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍រំភើប និងសេចក្តីសុខសាន្តក្នុងចិត្ត ខណៈពេលស្ថិតនៅក្នុងការងារ ឬកិច្ចការដែលខ្លួនស្រឡាញ់។ វាពិតជារំភើប និងពិសេសពិតមែន។ សូម្បីតែខ្ញុំសរសេរអត្ថបទនេះ ក៏ខ្ញុំសរសេរដោយស្នាមញញឹម និងចិត្តស្រឡាញ់ផងដែរ។


ដូចគ្នានេះដែរ ប្រហែលជាអ្នកចង់ទទួលបានអារម្មណ៍ ឬចង់ស្ថិតនៅក្នុងចំណុចមួយដែលខ្លួនធ្លាប់ស្រមៃដូចជាខ្ញុំដែរ ដោយអាចជាផ្នែកផ្សេងខុសពីខ្ញុំ តែវាចេញពីស្រមៃតែមួយដូចគ្នា។ អ្នកអាចធ្វើបាន ក៏ដូចជាស្ថិតនៅក្នុងក្ដីស្រមៃនោះបាន ប្រសិនបើអ្នកចាប់ផ្ដើមដើរចូលទៅក្នុងក្តីស្រមៃមួយនោះពីឥឡូវនេះទៅ។ ទោះបីជាខ្ញុំពណ៌នាពីអារម្មណ៍រំភើបរបស់ខ្ញុំយ៉ាងណាក៏ដោយ ក៏មិនដូចជាអ្នកបានចួបផ្ទាល់នោះទេ ដូច្នេះសូមភ្លក្សវាចុះ! អ្នកនឹងយល់អារម្មណ៍មួយហ្នឹង ហើយអាចចែករំលែកបទពិសោធនេះ ទៅដល់អ្នកដទៃផ្សេងទៀតបាន។

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page