ជម្រកព្រលឹង - Shelter of the soul
- peacehouse
- Dec 29, 2024
- 1 min read
Updated: Feb 10

ជាការពិត នៅក្នុងព្រលឹងមានអារម្មណ៍ ចិត្ត គំនិត ឆន្ទៈ និងស្មារតីជាដើម។ ព្រលឹងដែលមានសុខភាពល្អ និងស្ថិតនៅក្នុងទីសុវត្ថិភាព គឺជាព្រលឹងដែលស្ថិតនៅក្នុងសេចក្តីពិត សេចក្តីសង្ឃឹម សេចក្តីជំនឿ ហើយនិងសេចក្តីស្រឡាញ់។ តួយ៉ាង អារម្មណ៍របស់យើងពេលខ្លះ មានពេលឡើង មានពេលធ្លាក់ចុះទៅតាមស្ថានភាពដែលបានប្រឈម។ ចំណែកឯគំនិតវិញ ពេលខ្លះក៏គិតវិជ្ជមាន ពេលខ្លះក៏គិតអវិជ្ជមាន យោងទៅតាមអ្វីដែលមើលឃើញ ឬចួបផ្ទាល់។ បើផ្តោតទៅលើដួងចិត្តវិញម្តង ពេលខ្លះក៏មានអំណរសប្បាយរីករាយ ពេលខ្លះទៀតក៏កើតទុក្ខឈឺចាប់។ ប្រសិនបើនិយាយអំពីឆន្ទៈវិញម្តង ពេលខ្លះក៏ឆេះឆួល ពេលខ្លះក៏អស់ភាពឆេះឆួលក្នុងការធ្វើអ្វីមួយ ដោយសារតែកត្តាផ្សេងៗ នៅជុំវិញខ្លួនមិនអំណោយផល។ ដោយឡែកស្មារតីវិញ មានពេលខ្លះក៏រឹងមាំ មានពេលខ្លះទៀតក៏បែកអារម្មណ៍មិននឹងនរ។
ទោះបីជាយើងមិនរស់នៅក្នុងស្ថានភាព ឬក្នុងកាលៈទេសៈដែលត្រូវប្រឈមក៏ដោយ ការពិត ក៏នៅតែមានពេលប្រែប្រួល ឡើងចុះ រឹងមាំ និងទន់ខ្សោយផងដែរ។ អ្វីៗដែលប្រែប្រួល ក៏ដូចជាមិនស្ថិតស្ថេរទាំងនេះ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន នោះអាចនឹងធ្វើឱ្យយើងនឿយណាយ បោះបង់ អស់កម្លាំងចិត្ត ធុញថប់ ឥតន័យ និងមានរបួសក្នុងព្រលឹងជាដើម។
កត្តាសំខាន់ ប្រសិនបើយើងរបួសរូបកាយ យើងអាចធ្វើការព្យាបាលដោយថ្នាំផ្នែកវេជ្ជសាស្រ្តបាន។ ប៉ុន្តែប្រសិនបើយើងរបួសព្រលឹង ឬព្រលឹងរបស់យើងត្រូវបានពិការហើយនោះ តើត្រូវយកអ្វីមកព្យាបាល? ហើយត្រូវព្យាបាលវាដោយរបៀបណា? នេះគឺជាសំណួរដ៏សំខាន់ ដែលត្រូវតែមានចម្លើយសម្រាប់សំណួរនេះ។
ដើម្បីរួមចំណែកឬធ្វើជាផ្នែកមួយនៃការព្យាបាល យើងខ្ញុំសូមធ្វើការណែនាំអំពីផ្ទះនៃសេចក្តីសុខសាន្ត ដែលជាជម្រក និងជាទីកន្លែងនៃការព្យាបាល សម្រាប់អស់ទាំងព្រលឹង ដែលពិតជាត្រូវការចូលមកជ្រក ព្យាបាល ឬសម្រាក ក៏ដូចជាពួនជ្រកមួយរយៈពេល ដើម្បីញែកចេញពីការឈឺចាប់ ការថ្កោលទោស ការបដិសេធ អស់កម្លាំងចិត្ត ចាកចេញពីភាពដដែល និងកែអផ្សុកជាដើម។
សូមចូលមក! យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកអ្នក។ នៅក្នុងផ្ទះនេះ ឬនៅទីកន្លែងនេះមានច្រើនផ្នែកដែលអ្នកលោកត្រូវការ។ ប្រសិនបើក្រឡេកមើលខាងនោះ លោកអ្នកនឹងឃើញបន្ទប់សន្តិវេលា ដែលជាបន្ទប់សម្រាប់សម្រាកចិត្ត និងគំនិតឱ្យនៅស្ងៀមបន្តិចសិន ខណៈពេលចិត្តគំនិតនេះកំពុងនឿយហត់ខ្លាំង។ ចំណែកឯខាងនេះវិញ គឺជាបន្ទប់នៃការព្យាបាល ហើយនៅក្នុងបន្ទប់នេះ មានឱសថច្រើនប្រភេទសម្រាប់ព្យាបាលមុខរបួសនៃព្រលឹង។ ប្រសិនបើមើលទៅបន្ទប់នៅជ្រុងខាងនោះវិញ គឺជាបន្ទប់កម្សាន្តអារម្មណ៍។ ពេលខ្លះយើងជាមនុស្ស មិនអាចមានពេលតឹងរ៉ឹង ឬរឹតបន្តឹងខ្លួនឯងគ្រប់ពេល រហូតដល់ភ្លេចយកចិត្តទុកដាក់នឹងផ្នែកខាងក្នុងរបស់យើងនោះទេ ពេលខ្លះ យើងក៏ត្រូវការមានពេលកម្សាន្តអារម្មណ៍ខ្លួនឯងដែរ។ មិនទាន់អស់ទេ នៅមានទៀត! នោះន៏ បន្ទប់មេរៀនជីវិត។ នៅក្នុងបន្ទប់នេះ មានមេរៀនជាច្រើនដែលត្រូវបានសម្រិតសម្រាំងឡើង ទុកសម្រាប់អស់អ្នកដែលកំពុងស្វែងរក និងឈ្វេងយល់អំពីគោលបំណងជីវិត ជាពិសេសចម្លើយជីវិត។
មានចម្លើយនៅទីនេះ គឺមាននៅក្នុងផ្ទះនៃសេចក្តីសុខសាន្ត។ សូមចូលមកយកមក! មគ្គទេសក៍ជីវិតកំពុងរង់ចាំលោកអ្នក ដើម្បីនាំទៅក្នុងបន្ទប់នីមួយៗ។
Kommentare