រាត្រីស្ងប់ស្ងាត់ និរតីអង្គុយស្តាប់ចម្រៀងមួយបទ ដែលជាបទចម្រៀងធ្លាប់ស្តាប់ជាមួយមនុស្សម្នាក់ ដែលខ្លួនធ្លាប់ស្រឡាញ់។ អារម្មណ៍លន្លង់លន្លោច គួរឱ្យលន្លោចចិត្ត លង់ទៅតាមអត្ថន័យនៃបទចម្រៀង។ នៅក្នុងបទចម្រៀងនោះ រៀបរាប់អំពីក្តីស្នេហាផ្អែមល្ហែម និងចិត្តនឹករម្លឹក។ និរតីកាន់តែស្តាប់កាន់តែស្រណោះ ដោយទ្រាំទ្រនឹងការស្តាប់បទនេះពុំបាន នាងក៏យកដៃចុចបិទ។ និរតីដោះកាសBluetoothចេញ ទុកនៅជិតទូរសព្ទ។
នាងនិយាយនៅក្នុងចិត្តម្នាក់ឯងថា៖
-តើឫសគល់អ្វីដែលធ្វើឱ្យខ្ញុំនៅនឹកគេ ទាំងដែលពួកយើងបានបែកគ្នាយូរណាស់ហើយ? ចិត្តនៅមានសង្ឃឹមម្តងម្កាលទាំងដឹងថាគ្រប់យ៉ាងមិនអាចទៅរួច។ ពិតមែនហើយ ប្រហែលជាមានអ្វីមិនស្រួលក្នុងចិត្តហើយ... នៅនឹកស្រណោះម្តងម្កាល... ចង់នៅជិត ចង់ឮសំឡេង និងចង់ឃើញមុខ ដើម្បីបំបាត់ចិត្តនឹកខ្លះ តែមិនអាចទៅរួចដូចការគិត។ ការពិត ពួកយើងបានបែកគ្នាហើយ ចុះម្តេចឡើយ ដួងចិត្តនេះមិនព្រមទទួលយកការពិតដូច្នេះ? ឱដួងចិត្តខ្ញុំអើយ...
និរតីទាញភួយមកគ្របដណ្ដប់ជើង ដើម្បីកុំឱ្យរងា។ នាងអង្គុយសណ្ដូកជើងនៅលើប៉ៅអីបត់ក្រោមសំយាបផ្ទះ ហើយបែរមុខទៅដើមឈើ អមទៅដោយបង្គោលភ្លើងពណ៌ពងមាន់ នៅក្បែរនោះផងដែរ។
ជេស៊ីកាបើកទា្វរផ្ទះអើតមក ហើយនិយាយទៅកាន់នរតីថា៖
-និរតីចូលមកក្នុងផ្ទះមក! បន្តិចទៀតនឹងមានព្រិលធ្លាក់មកហើយ ឧតុនិយមព្យាយករណ៍ប្រាប់ថា នឹងមានព្រិលធ្លាក់មកខ្លាំង!
និរតីងាកមកក្រោយ ដោយនិយាយថា៖
-បន្តិចទៀត គ្នាចូលទៅវិញហើយ...
នរតីងាកមុខមកវិញ សម្លឹងមើលទៅខាងមុខទាំងទឹកមុខសញ្ជឹងគិតបន្តទៀត។ បន្តិចក្រោយមក ជេស៊ីកាកាន់កែវតែក្ដៅមកពីរ គឺមួយជារបស់នាង និងមួយទៀតជារបស់និរតី។ ជេស៊ីកាដាក់កែវតែរបស់នាងនៅលើតុចន្លោះប៉ៅអីបត់ទាំងពីរ ហើយហុចកែវតែមួយទៀតឱ្យនិរតី។
-ណេះ! ផឹកតែក្តៅទៅ កុំឱ្យរងា!
និរតីយកកែវកំពុងក្តៅមកកាន់ក្នុងដៃ ដោយក្តោបដៃទាំងពីរយ៉ាងណែន ដើម្បីឱ្យកក់ក្តៅប្រអប់ដៃ។
-អរគុណណាស់!
ជេស៊ីកាផឹកបានបន្តិច នាងដាក់កែវតែចុះ ហើយនិយាយទៅកាន់និរតីថា៖
-វិស្សមកាលនេះ ឯងយកពេលមកទីនេះក៏ល្អម្យ៉ាងដែរ ដើម្បីប្ដូរ បរិយាសកាសចេញម្តង ក្រែងលោបានប្តូរអារម្មណ៍បានខ្លះដែរ។
និរតីផឹកទឹកតែបណ្តើរមើលមុខជេស៊ីកាបណ្តើរ។ នាងដាក់កែវតែចុះនៅលើតុ ដោយដាក់ជិតកែវជេស៊ីកា។
-ពិតមែន! ពិតជាជួយគ្នាបានច្រើនមែន មានអារម្មណ៍ថាប្លែកម្យ៉ាង... ប៉ុន្តែមិនថាទៅទីណា ឬនៅទីណាក៏ដោយ បើចិត្តនេះមិនស្រឡះ ប្រៀបដូចជានៅកន្លែងចាស់ដដែលអ៊ីចឹង! វាគ្រាន់តែជួយបានតែមួយផ្នែកប៉ុណ្ណោះ!
ជេស៊ីកាច្រត់ចង្កាញញឹមប្របួចដាក់និរតី។
-អ៊ីចឹងមានន័យថា ចិត្តឯងមានរឿងអីមែន?
និរតីងាកយឺតៗមកមើលជេស៊ីកា ហើយក៏ងាកទៅវិញទាំងទឹកមុខញញឹមបែបអឹមអៀម។
-ចាំឆែកមើលបន្តិចសិន!
ជេស៊ីកាសួរសំណួរចាក់ដោតថា៖
-មានពិរុទ្ធក្នុងចិត្តហ្អេស? ឬក៏...បេះដូងឯងកំពុងប៉ង់ស្មង់?
និរតីស្ងាត់មាត់បន្តិច ហើយក៏ឆ្លើយថា៖
-ពិបាកថាដែរ ពេលខ្លះគិតថាមិនអីទេ! ប៉ុន្តែនៅពេលធ្វើអ្វីមួយពាក់ព័ន្ធនឹងរឿងអតីតកាល មានអារម្មណ៍ថា... នៅរអាៗម៉េចមិនដឹងទេ!
-មកពីមិនទាន់ជាសះទេដឹង?
-ប្រហែលហើយ...របួសនេះរាងមុតជ្រៅបន្តិច!
-អ៊ីចឹងត្រូវការគ្រូពេទ្យ នៃសេចក្តីពិតឆែកមើលបន្តិចហើយ ព្រោះថាបើមានមេរោគកុហកណាមួយនៅក្នុងចិត្ត នោះប្រាកដជាធ្វើទុក្ខឱ្យយើងឈឺចាប់ ប្រៀបដូចជាចិញ្ចឹមចិត្តជូរចត់អ៊ីចឹង! សាកស្តាប់សំឡេងបេះដូងខ្លួនឯងមើល៍ ថានៅឈឺត្រង់ណា? បេះដូងនេះត្រូវកាអ្វី?
និរតីអស់សំណើច
-ពិតមែនហើយ...ការពិតនឹងរំដោះឱ្យមានសេរីភាព ប្រសិនបើចិត្តនេះទទួលយកការពិត! ប៉ុន្តែចិត្តគ្នាហាក់ដូចជាមិនទាន់ទទួលយកការពិតទាល់តែសោះ ដូច្នេះហើយបានជានៅតែរអាតិចៗ និងនៅស្ទាក់ស្ទើរៗ គ្នាពិតជាស្អប់ចិត្តស្ទាក់ស្ទើរណាស់!
ជេស៊ីកាគោះដៃនិរតីតិចៗ
-ត្រូវហើយសម្លាញ់! ចុងឆ្នាំហើយ...សល់តែប៉ុន្មានថ្ងៃទៀតឆ្លងដល់ឆ្នាំថ្មីហើយ អ៊ីចឹងសម្អាតរឿងចាស់ៗឱ្យអស់! រឿងរ៉ាវអតីតកាលកប់ចោលក្នុងឆ្នាំចាស់ឱ្យអស់! ហើយចាប់ផ្តើមសាជាថ្មី និងរៀបចំអ្វីៗសាជាថ្មីសម្រាប់ឆ្នាំថ្មីខាងមុខនេះ!
និរតីងក់ក្បាលទាំងញញឹម។ ជេស៊ីកាបន្តសួរទៀតថា៖
-ត្រៀមខ្លួនរួចហើយនៅ? បោះជំហានថ្មី!
និរតីរអាក់រអួលនឹងឆ្លើយសំណួរនេះ ដោយឆ្លើយរាងទាក់ៗ
-ដូចជា...មិនទាន់រួចរាល់ទេ!
-មិនទាន់រួលរាល់ក៏ត្រូវតែរួចរាល់ដែរ តស់បោះជំហានចូលក្នុងផ្ទះវិញ ព្រោះព្រិលធ្លាក់មកហើយ!
អ្នកទាំងពីរនាំគ្នាអស់សំណើច ហើយក៏រត់ចូលទៅក្នុងផ្ទះវិញជា ប្រញាប់ ព្រមទាំងលាន់មាត់ព្រមគ្នាថា៖
-អូយ...ត្រជាក់ណាស់! ។
ពេលព្រឹកឡើង នាពេលព្រលឹមស្រាងៗ មេឃចុះអ័ព្ទបែកផ្សែង ធ្វើឱ្យស្មៅជុំវិញផ្ទះមានព្រិលតិចៗកកនៅលើនោះ ដូចជាអំបិលម៉ដ្ឋរោយនៅលើស្មៅ និងធ្វើឱ្យស្រអាប់កញ្ចក់បង្អួចផងដែរ។ ប្រសិនបើមើលពីខាងក្រៅទៅ ឃើញថាជេស៊ីការធ្វើនេះធ្វើនោះយ៉ាងរវើកនៅឯផ្ទះបាយ។ ច្បាស់ណាស់ នាងកំពុងរៀបចំអាហារពេលព្រឹកសម្រាប់និរតី។ នាងរៀបចំយ៉ាងស្អាតដាក់នៅលើតុអាហារ ដើម្បីត្រៀមញ៉ាំទាំងអស់គ្នា។
និរតីដើរចេញពីបន្ទប់មក ធុំក្លិនឈ្ងុយៗ ព្រមទាំងឮសំឡេងគ្រូកគ្រាក់ៗ នាងក៏ដើរសំដៅទៅផ្ទះបាយក្នុងដំណើរមួយៗ។ និរតីដើរ បណ្តើរយកដៃជ្រោងសក់បណ្តើរ ដោយរលាស់ចេញជាផ្នត់ធំៗ។ ខណៈពេលនោះ ជេស៊ីកាងាកមកក្រោយ ក៏ឃើញនិរតីមកដល់ ល្មម។
-អ្ហា...មកដល់ហើយហ្អេស? អរុណសួស្តីសម្លាញ់!
-អរុណសួស្តីសម្លាញ់!
និរតីក្រឡេកមើលនៅលើតុ ឃើញអាហារពេលព្រឹករៀបចំរៀបរយដូច្នេះ នាងក៏និយាយថា៖
-អនាគតប្រពន្ធរបស់អ្នកណាទៅហ្ន៎ ពូកែធ្វើម្ហូបម្ល៉េះទេ!
ជេស៊ីកាតប៖
-មិនសូវប៉ិនប៉ុន្មានទេ! គ្រាន់តែចង់ធ្វើឱ្យមិត្តសម្លាញ់របស់ខ្ញុំញ៉ាំប៉ុណ្ណោះ ឬអាចនិយាយម្យ៉ាងទៀតបានថា ចង់យកពេលនេះទទួលស្វាគមន៍មិត្តខ្ញុំដែលមកពីប្រទេសខ្មែរឱ្យទទួលបានអារម្មណ៍ថា ខ្លួនកំពុងនៅប្រទេសខ្មែរដែរ ដើម្បីកុំឱ្យនឹកនាម្ហូបនៅទីនោះ!
និរតីញញឹម ហើយដកដង្ហើមធំ ដោយនឹកស្មានមិនដល់។
-ហ៊ឹម.... ពិតជាយល់ចិត្តណាស់ មានអារម្មណ៍ថាវិស្សមកាលនេះពិតជាពិសេសមែនទែន! អរគុណសម្លាញ់!
ជេស៊ីកាឆ្លើយតបវិញ៖
-អ៊ីចឹងចាំអីទៀត តស់ញ៉ាំតែម្តងទៅ! នេះបាយស្រូបដែលឯងចូលចិត្ត!
និរតីភ្ងាក់ផ្អើល ដោយនិយាយថា៖
-អ្ហោ! ឃើញបាយស្រូបនេះហើយ នឹកឃើញពួកយើងកាលនៅរៀនវិទ្យាល័យ ពួកយើងចូលចិត្តញ៉ាំណាស់!
ជេស៊ីកាតប៖
-អឺ អ៊ីចឹងភ្លក្សទៅមើល៍! ដូចរសជាតិដើមទេ?
និរតីភ្លក្សមួយម៉ាត់ ស្រាប់តែលាន់មាត់ថា៖
-ហ៊ឹៈ...ពិតជាឆ្ងាញ់ណាស់! ឯងពូកែប្រឡាក់សាច់ និងធ្វើជ្រក់មែន...មានអារម្មណ៍ថា ពួកយើងកំពុងអង្គុយញ៉ំាបាយស្រូបនៅមុខវិទ្យាល័យអ៊ីចឹង! គ្រាន់តែញ៉ាំបាយស្រូបនេះសោះ ទាញពួកយើងចូលក្នុងអតីតកាលមួយរំពេច។
ជេស៊ីកាញញឹម ហើយនិយាយថា៖
-នឹកឃើញអនុស្សាវរីយ៍ល្អៗក្នុងអតីតកាលមិនថ្វីទេ តែកុំទាញខ្លួនឯងហួសពីញ៉ាំបាយស្រូប ហួសទៅនឹកឃើញរឿងអ្វីផ្សេងទៀត ក្រែងលោរើមុខរបួស!
ឮដូច្នោះ និរតីប៉ប្រិចភ្នែកម៉ក់ៗ នាងស្ងាត់មាត់បន្តិច។ ឃើញសភាពដូច្នោះ ជេស៊ីកាបង្វែរស្ថានការណ៍ភ្លាម។
-គឺ...គ្នាគ្រាន់តែពញ្ញាក់អារម្មណ៍លេងប៉ុណ្ណោះ! ម៏ញ៉ាំបន្តទៀត អាងធ្វើអ្វីផ្សេងទៀត!
និរតីតប៖
-អូខេ!
ក្រោយពីញ៉ំាអាហារពេលព្រឹករួចហើយ អ្នកទាំងពីរនាំគ្នាចេញទៅក្រៅផ្ទះ ដោយកាន់កែវកាហ្វេម្នាក់មួយ។ និរតីហើយ និងជេស៊ីកាស្លៀកពាក់ខោអាវរងា ព្រមទាំងកាន់សៀវភៅប៊ិកម្នាក់មួយផងដែរ។
គ្រាន់តែចេញមកក្រៅភ្លាម និរតីបិទភ្នែក ហើយស្រូបយកខ្យល់អាកាសនាពេលព្រលឹម ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅខាងក្រោយផ្ទះ។ ដោយរដូវកាលនេះ គឺជារដូវរងា ដូច្នេះហើយដើមឈើបានជ្រុះស្លឹកអស់ ដើមឈើខ្លះទៀតនៅមានស្លឹកខ្លះៗ ហើយប្រែពណ៌ទៅជាលឿងនិងក្រហមក៏មាន នៅក្នុងរដ្ឋNashville។
អ្នកទាំងពីរអង្គុយចុះនៅលើសាឡុងនៅខាងក្រោយផ្ទះ អមទៅដោយទេសភាពយ៉ាងស្រស់ស្អាត។ និរតីដកដង្ហើមវែងៗ ហើយនិយាយថា៖
-ហ៊ឹម... ស្រស់ស្រាយណាស់ ភ្លេចអស់ទុក្ខកង្វល់!
ជេស៊ីកាញញឹម។ ចំណែកឯនិរតីលើកកែវកាហ្វេមកផឹក ខណៈពេលកាហ្វេកំពុងតែក្តៅហុយៗ។
-កក់ក្តៅដល់ហើយ...
ទន្ទឹមគ្នានោះ ជេស៊ីកាបើកសៀវភៅឮសូរខ្វោកៗ និងមើលដោយយកចិត្តទុកដាក់។
-និរតី! មួយឆ្នាំជិតកន្លងផុតទៅហើយ...ខែនេះជាខែចុងក្រោយហើយ សល់តែប៉ុន្មានថ្ងៃទៀត ចូលដល់ឆ្នាំថ្មីហើយ អ៊ីចឹងឯងទទួលបានលទ្ធផលអ្វីខ្លះក្នុងឆ្នាំនេះ?
និរតីជញ្ជឹងគិតបន្តិច ហើយឆ្លើយតប៖
-មានផលផ្លែខ្លះ ខកចិត្តខ្លះ សប្បាយខ្លះ កើតទុក្ខខ្លះ ក្នុងឆ្នាំនេះមានគ្រប់រសជាតិ។
-ទោះជាយ៉ាងណាគួរតែដឹងគុណក្នុងឆ្នាំនេះ យ៉ាងហោចណាស់ឯងទទួលបានផលផ្លែខ្លះដែរ!
និរតីបើកសៀវភៅកំណត់ហេតុរបស់នាងមើលម្តង ដែលនាងបានសរសេរផែនការតាំងពីដើមឆ្នាំមកម្ល៉េះ ដើម្បីផ្ទៀងផ្ទាត់ជាមួយលទ្ធផល។ និរតីញញឹម ព្រមទាំងងក់ក្បាលតិចៗខណៈពេលមើលសៀវភៅ ហាក់ដូចជាពេញចិត្តនឹងលទ្ធផលរបស់នាង។
-គ្នាពិតជាអរគុណព្រះជាម្ចាស់សម្រាប់ឆ្នាំនេះ ដែលបានបង្រៀនមេរៀនជីវិតជាច្រើន។ កិច្ចការខ្លះត្រូវបានបរាជ័យ កិច្ចការខ្លះទៀតកំពុងតែដាំ គឺដាំបានច្រើនផ្នែកដែរ តែមិនទាន់ចេញជាផលផ្លែនៅឡើយ សង្ឃឹមថាឆ្នាំថ្មីនេះ វានឹងបង្កើតផលផ្លែទៅចុះ!
ជេស៊ីកាបិទសៀវភៅរបស់នាង ហើយបែរមុខមករកនិរតីដោយនិយាយថា៖
-គ្នាជឿ! ព្រោះបើថាសាបព្រោះអ្វី នឹងទទួលបានផលហ្នឹង! អ្វីដែលឯងដាំនៅក្នុងឆ្នាំចាស់ វាអាចនឹងដុះនៅក្នុងពេលណាមួយ តែមិនប្រាកដថា នឹងមានផ្លែផ្កាក្នុងឆ្នាំថ្មីនេះទេ ប្រហែលជាវាមានផ្លែផ្កាក្នុងពេលណាមួយដែលត្រូវកើតផល គ្រាន់តែត្រៀមខ្លួនប្រមូលផលទៅបានហើយ។
និរតីដកដង្ហើមធំ ឮសូរហឹះ! ពេលនោះជេស៊ីកាងាកមុខមកមើលនិរតីម្តងទៀត ហើយនិយាយថា៖
-ដកដង្ហើមធំម្ល៉េះ! ឯងមានរឿងអីហ្អេស?
និរតីតបទាំងទឹកមុខស្រពោន
-គ្នាគ្រាន់តែមានអារម្មណ៍ថាទៅមុខទាំងតឹង
-អ៊ីចឹង! ចុះឆ្នាំថ្មីនេះ ឯងមានគម្រោងចង់ធ្វើអ្វីដែរ? ចង់ឃើញអ្វីនៅក្នុងឆ្នាំក្រោយនេះ?
និរតីឆ្លើយដោយគ្មានភាពស្ទាក់ស្ទើរ
-ចង់មានចិត្តគំនិតថ្មីក្នុងរដូវកាលថ្មី! គឺ...គឺចង់ជាមុខរបួស ដើម្បីទទួលបានចិត្តថ្មីមួយដែលគ្មានការឈឺចាប់ដូចមុន។ នេះជាអ្វីដែលគ្នាចង់បានបំផុត។ ប្រសិនបើចិត្តនេះជាសះមុខរបួសហើយ នោះអ្វីៗនឹងល្អប្រសើរ ដោយដើរទៅមុខមិនតានតឹងដូចមុនទៀត តែបើចិត្តនេះមិនទាន់ជាទេ នោះប្រាកដជាប្រទាញប្រទង់ដើរទៅមុខទាំងតឹង និងអស់កម្លាំងចិត្តមិនចង់ធ្វើអ្វីទាំងអស់!
ឮដូច្នេះ ជេស៊ីការឹតតែយកចិត្តទុកដាក់នឹងនិរតីថែមទៀត។
-ការដែលឯងមកលេងទីនេះ គ្នាពិតជាចង់រួមចំណែកសម្រាលចិត្តមានបន្ទុកខ្លះៗ អ៊ីចឹងតើមានអ្វីដែលគ្នាអាចជួយឯងបាន?
និរតីអស់សំណើចខឹកៗ
-អរគុណណាស់សម្រាប់ទឹកចិត្តដ៏ល្អ តែគ្នាចង់ប្រាប់ថា ការដែលគ្នាបានមកស្នាក់នៅផ្ទះរបស់ឯងក្នុងពេលនេះ គឺវាលើសលប់បាត់ទៅហើយ...មានអារម្មណ៍ថាកក់ក្ដៅខ្លាំង!
-អូហូ...ដល់ម្ល៉ឹងផង!
-គ្នានិយាយពិតមែនណ៎ា...
-អូខេ! អូខេ!
អ្នកទាំងពីរនាំគ្នាស្ងាត់បន្តិច ដោយម្នាក់ផឹកកាហ្វេមើលទេសភាព ម្នាក់ឯងមើលសៀវភៅកំណត់ហេតុបន្ត។
ថ្ងៃទី២៥ ខែ១២បានមកដល់។ ព្រឹកនេះ និរតីនិងជេស៊ីកា រៀបចំអាហារពេលព្រឹកជុំគ្នា។ ដោយនិរតីជាអ្នកឆុងកាហ្វេ ហើយជេស៊ីកាជាអ្នកធ្វើម្ហូប។ អ្នកទាំងពីរធ្វើបណ្ដើរ ស្តាប់ចម្រៀងអាល់ប៊ុម Christmas បណ្តើរ ពីរោះយ៉ាងរងំ អមទៅដោយការតុបតែងនៅក្នុងផ្ទះតាមបរិបទរដូវកាលណូអែល ធ្វើឱ្យបរិយាកាសក្នុងផ្ទះពោរពេញទៅដោយមនោសញ្ចេតនានៃរដូវកាលណូអែល និងជិតដល់ឆ្នាំថ្មី។
លើកនេះ ជេស៊ីកាចម្អិនអាហារតាមបែបជនជាតិអាមេរិកម្តង ដោយតុបតែងយ៉ាងស្អាតនៅលើចានគួរឱ្យចង់ញ៉ំា។ ចំណែកឯនិរតីវិញ នាងឆុងកាហ្វេដោយរចនាដើម Christmas នៅលើកាហ្វេជាមួយនឹងទឹកដោះគោស្ទីម។ បន្ទាប់មក អ្នកទាំងពីរអង្គុយញ៉ំាអាហារពេលព្រឹកជុំគ្នាដោយភាពរីករាយ។
ក្រោយពីញ៉ំារួចហើយ អ្នកទាំងពីរបានកាន់កែវកាហ្វេម្នាក់មួយទៅអង្គុយនៅលើសាឡុងបែរមុខទៅកម្ដៅភ្លើងនៅក្នុងផ្ទះ ដែលនៅជិតដើមChristmasមានភ្លើងពណ៌លោតភ្លឹបភ្លែតៗ ព្រមទាំងមានការដូជាច្រើន មានពណ៌មាស ប្រាក់ និងក្រហមនៅក្រោមនោះផងដែរ ស្របពេលព្រិលកំពុងតែធ្លាក់មកប្រុយៗ។
ខណៈពេលនោះជេស៊ីកានិយាយទៅកាន់និរតីថា៖
-គ្នាមានអារម្មណ៍ថា ខ្លួនឯងកំពុងលង់អារម្មណ៍ក្នុងបរិយាកាសណូអែលហើយ...
-យើងក៏ដូចគ្នាដែរ!
-នែ៎...ឯងចំណាប់អារម្មណ៍ដូចគ្នាអត់? ប្រសិនបើយើងស្ថិតនៅក្នុងរដូវកាល ឬពេលវេលាណាមួយ មានអារម្មណ៍ថាអ្វីៗជុំវិញខ្លួនហ៊ុមព័ទ្ធទៅដោយបរិយាកាសបែបនោះដែរ។ ដូចពេលនេះស្រាប់ រដូវកាលណូអែលនិងជិតដល់ឆ្នាំថ្មី នៅជុំវិញខ្លួនមានបរិយាកាស ណូអែលនិងធុំប្រហើរនៃក្លិនឆ្នាំថ្មីជិតមកដល់ ធ្វើឱ្យចិត្តនេះរំភើបៗនឹងរដូវកាលនេះដល់ហើយ...
និរតីតប៖
-គ្នាទទួលស្គាល់ដូច្នោះដែរ! គឺមិនខុសពីជីវិតមនុស្សនោះទេ មនុស្សយើងក៏មានរដូវកាលដែរ។ មានពេលយំមានពេលសើច មានពេលសោយសោកមានពេលសប្បាយ មានពេលចួបមានពេលបែក!
ឮដូច្នេះ ជេស៊ីកាមើលមុខនិរតីដោយផ្ចង់ចិត្ត។
-ឯងអត់អីណាហ្អី?
និរតីសម្លឹងទៅមើលព្រិលដែលកំពុងតែធ្លាក់មកប្រុយៗ ទាំងភ្លឹកអារម្មណ៍។ បន្តិចក្រោយមក នាងក៏ឆ្លើយតបទៅវិញដោយសំឡេងខ្សោយៗ។
-គ្នាពិតជាស្អប់ការបែកបាក់ណាស់ ព្រោះវាធ្វើឱ្យមានរបួសផ្លូវចិត្តមិនថាបែកបាក់ទំនាក់ទំនងស្នេហា ឬមិត្តភាព វាពិតជាឈឺខ្លាំង!
ជេស៊ីកាដាក់កែវកាហ្វេចុះនៅលើតុ ហើយនិយាយទៅកាន់និរតីវិញ។
-ពិតមែន! ឯងនិយាយមិនខុសទេ មានពេលសោយសោក មានពេលសប្បាយ។ មុននេះឯងមានស្នាមញញឹម តែឥឡូវនេះប្រែជាស្រពោនទៅវិញ ឱ្យតែនិយាយដល់រឿងរបួសផ្លូវចិត្ត។
-គ្នាចង់ចាកចេញពីភាពឈឺចាប់មួយនេះណាស់!
ជេស៊ីការនិយាយបន្ទាន់ពីក្រោយនិរតីថា៖
-តែមុននឹងចាក់ចេញ ឯងអាចនាំគ្នាចូលទៅក្នុងភាពឈឺចាប់នោះបន្តិចបានទេ ថាវាមានលក្ខណៈដូចម្តេចវិញ?
និរតីញញឹម ហើយឆ្លើយតបថា៖
-ឯងពិតជាចង់ស្គាល់អារម្មណ៍នៃការឈឺចាប់នោះដែរឬ?
ជេស៊ីកាងក់ក្បាលទាំងញញឹម ហើយធ្វើសញ្ញាដៃឱ្យមកនិយាយមក។ នាងច្រត់ចង្កាចាំស្ដាប់និរតី។
វិលទៅ៣ឆ្នាំមុន ថ្ងៃនេះក្នុង៣ឆ្នាំមុន ខ្ញុំទទួលបានកាដូដ៏ឈឺចាប់មួយនៃការបែកបាក់។ ពួកយើងអង្គុយទល់មុខគ្នា ដែលជាតុចរចារកដំណោះស្រាយជាលើកចុងក្រោយ។ នៅក្នុងស្ថានភាពនេះ ម្នាក់ៗពិតជាតានតឹងក្នុងជជែកគ្នាមែនទែន មិនខុសពីតុចរចាស្វែងរកសន្តិភាពរវាងប្រទេសនិងប្រទេសនោះទេ។
លោកផានុតបាននិយាយមកកាន់ខ្ញុំថា៖
«និរតី! អាចរង់ចាំខ្ញុំបន្តិចបានទេ?»
ខ្ញុំក៏បាននិយាយទៅកាន់គាត់វិញថា៖
«ផានុត! ហត់ទេ? ពិបាកខ្លាំងទេ?»
ពេលនោះ ផានុតដកដង្ហើមធំ ហើយមើលមុខខ្ញុំយ៉ាងចំ។ ក្នុងសភាពនេះ ខ្ញុំអាចអានចិត្តគាត់ដាច់ខ្លះៗ។ ខ្ញុំក៏និយាយទៅកាន់គាត់ទៀតថា៖
«បើហត់ហើយសម្រាកចុះ!»
ផានុតតបមកខ្ញុំវិញភ្លាមៗ
«និរតីចង់មានន័យថាម៉េច?»
រំពេចនោះ ខ្ញុំធ្វើការសម្រេចិចត្តភ្លាមៗដោយឥតស្ទាក់ស្ទើរ
«យើងបែកគ្នាទៅ!»
ផានុតរក្សាភាពស្ងៀមស្ងាត់បន្តិច។ ចំណែកឯខ្ញុំក៏បន្តនិយយាយទៅគាត់ទៀតថា៖
«គ្មានស្នេហាឯណាគ្មានឧបសគ្គនោះទេ តែស្នេហានេះពិតជានឿយហត់ខុសពីធម្មតា គឺពិតជាហត់ណាស់! ពីមួយពេលទៅមួយពេលរឹតតែតានតឹងទៅៗ គ្មានសន្តិភាពនិងសុខសុវត្ថិភាពនៅក្នុងចិត្តទាល់តែសោះ!»
ផានុតតបវិញថា៖
«បើសម្រេចដូច្នោះ ក៏តាមហ្នឹងចុះ! ខ្ញុំក៏គ្មានកម្លាំងចិត្តបន្តទៅមុខទៀតដែរ»
ឮពាក្យនេះហើយ រឹតតែធ្វើឱ្យខ្ញុំឈឺជាងនិយាយពាក្យថាបែកទៅទៀត ក៏ព្រោះតែឃើញគេព្រមបោះបង់ស្នេហានេះដែរ។ ខ្ញុំខំប្រឹងទប់ទឹកភ្នែកកុំឱ្យស្រក់ ដើម្បីរក្សាភាពរឹងមាំនៅចំពោះមុខគេ ប៉ុន្តែនៅក្នុងចិត្តវិញបានខ្ទេចខ្ទាំអស់ហើយ។
ខ្ញុំព្យាយាមតបទៅគេវិញក្នុងសភាពធម្មតាថា៖
«អ៊ីចឹងថ្ងៃនេះ ពួកយើងជជែកគ្នារកដំណោះស្រាយពុំឃើញទេ តែពួកយើងរកឃើញផ្លូវបំបែក ម្នាក់ទៅឆ្វេងម្នាក់ទៅស្តាំ តែក៏ល្អដែរយើងរកឃើញចម្លើយរួមមួយ គឺបែកគ្នា! បើពួកយើងស្ទើរនៅស្ទើរទៅ នោះរឹតតែធ្វើឱ្យពួកយើងនឿយហត់ និងឈឺចាប់ជាងនេះទៅទៀត ដ្បិតសេ្នហាយើងនេះមានតែឈ្មោះ តែទង្វើវិញសោះអង្គើយ»
ចាប់តាំងពីពេលនោះមក ពួកយើងបែកគ្នាដោយសន្តិវិធី! ប៉ុន្តែចិត្តនេះគ្មានសន្តិវិធី និងគ្មានសន្តិភាពទាល់តែសោះ មានតែការឈឺចាប់រ៉ាំរ៉ៃ ខណៈពេលរូបគេមានកំពុងតែអ្នកថ្មី។ នេះហើយជារបួសទី៣។
និរតីងាកមកមើលជេស៊ីកាឃើញនាងស្តាប់ភ្លឹកដូច្នោះ ក៏អង្រួនដៃនាងតិចៗដោយនិយាយថា៖
-ជេស៊ីកា! ចេញពីសាច់រឿងនោះចូលមកក្នុងបច្ចុប្បន្នវិញ!
ជេស៊ីការអស់សំណើច ហើយអង្អែលស្មានិរតីវិញ។
-តែគ្នាចង់ប្រាប់ឯងថា និរតីត្រូវចាកចេញពីអតីតកាល មករស់នៅក្នុងបច្ចុប្បន្នកាលវិញ! រឿងកន្លងមក វាបានចប់សព្វគ្រប់អស់ទៅហើយសម្លាញ់ កុំនៅរ៉ាំរ៉ៃទៀតអី!
និរតីមានទឹកមុខស្រពោន ហើយតបថា៖
-ជេស៊ីកា! គ្នាមិនចង់នៅរ៉ាំរ៉ៃទេ តែចិត្តនៅស្រឡាញ់គេ ដូចមាននិស្ស័យខ្លាំង។ សាកស្រមៃជាមួយគ្នាបន្តិចមើល៍! នៅខាងលើជិតត្រចៀកឆ្វេងមានបិសាចគំនិតមកខ្សឹបប្រាប់ថា ខ្ញុំមិនអាចចាកចេញពីការនឹករឭកគេបានឡើយ ព្រោះគេជាមនុស្សល្អ ហើយបិសាចនោះតែងតែរម្លឹកអតីតកាលនៃសេ្នហាចាស់ទៀតផង។ ពេលខ្លះបិសាចនោះខ្សឹបប្រាប់ខ្ញុំទៀតថា ខ្ញុំជាមនុស្សគ្មានតម្លៃទេ ទើបបានជាគេមិននៅស្រឡាញ់ខ្ញុំទៀត។ ចំណែកឯងនៅខាងលើជិតត្រចៀកខាងស្តាំវិញទេវតានៃព្រះបានខ្សឹបប្រាប់ខ្ញុំថា និរតីជាមនុស្សមានតម្លៃ! មានបុរសដ៏ល្អនិងត្រឹមត្រូវម្នាក់កំពុងរង់ចាំនិរតី គ្រាន់តែទទួលស្គាល់ការពិតថា គ្រប់យ៉ាងបានចប់សព្វគ្រប់អស់ហើយ លែងរឿងរ៉ាវនេះឱ្យវាទៅចុះ! អត់ទោសឱ្យគេនិងខ្លួនឯងចុះ! កុំសោកស្តាយអ្វីទៀតឡើយ។ សំឡេងទាំងពីរនេះ ធ្វើឱ្យគ្នាច្របូកច្របល់នៅក្នុងចិត្តយ៉ាងខ្លាំង។
មិនបង្អង់យូរជេស៊ីកាក៏តបវិញថា៖
-អ្ហា...ការពិតគឺដូច្នេះទេតើ! យើងចាប់បានឫសគល់ដែលឯងត្រូវនៅរ៉ាំរ៉ៃហើយ... គឺស្ថិតនៅត្រង់ចិត្តសោកស្តាយហ្នឹងតែម្តង ដោយស្តាប់តាមសំឡេងកុហក។
និរតីលួចញញឹម ហើយបែរមុខចេញ។ ភ្លាមនោះ ជេស៊ីកាក៏បន្តនិយាយទៀតថា៖
-ម៉េចដែរត្រូវសាច់រឿងហ្អេស? ងាកមុខមកវិញភ្លាម បញ្ឈរមុខនឹងការពិតទាំងអស់គ្នា!
និរតីខាំមាត់ទាំងញញឹមពព្រាយដាក់ជេស៊ីកា។ រីឯជេស៊ីកា ធ្វើជាសម្លក់និរតី។
-សួរដូចឆោត ចង់ជាមុខរបួសដែរទេ?
និរតីឆ្លើយ៖
-ពិតជាចង់ហើយ!
ជេស៊ីនិយាយយ៉ាងម៉ឺងម៉ាត់
-បើចង់ ចាំបាប់អីនៅឱបព្រួញនៃការឈឺចាប់នោះទៀត? ដកវាចេញទៅ!
-ដកយ៉ាងម៉េចវិញ?
-ទទួលការពិត ព្រោះការពិតនឹងរំដោះឯងឱ្យមានសេរីភាព! ផ្លាស់ប្តូរការគិតសាជាថ្មី! ការពិតនោះគឺឯងបានបែកគ្នាជាមួយគេរួចហើយ...ហើយគេនោះក៏មានថ្មីដែរ នេះគឺជាការពិត។ ងាយៗ!
-ងាយៗ តែពិបាកធ្វើ!
ពេលនោះស្រាប់តែបាត់សំឡេងរបស់ជេស៊ីកាឈឹង។ ឃើញស្ងាត់បាត់សំឡេងដូច្នោះ និរតីក៏ងាកទៅមើលជេស៊ីកា ស្រាប់តែឃើញនាងកំពុងអង្គុយហិតប្រេងកូឡា ទាំងទឹកមុខហួសចិត្ត។ ឃើញបែបនេះហើយ និរតីអស់សំណើចនឹងជេស៊ីកា ព្រមទាំងនិយាយថា៖
-ដល់ថ្នាក់ហិតប្រេងកូឡាផង?
ជេស៊ីកាតបទាំងអស់អារម្មណ៍
-យើងចង់ខ្យល់ចាប់! និរតីអើយនិរតី! ឯងស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត! កន្លងមក ឯងអាចដោះស្រាយបញ្ហាបានស្ទើរតែគ្រប់រឿង ម្តេចក៏មកឆោតក្នុងរឿងនេះ? ឯងយល់ឬក៏ធ្វើមិនយល់! សុំទោសគ្នានិយាយរាងខ្លាំងបន្តិចហើយ ព្រោះគ្រឺតពេក!
និរតីនៅតែអស់សំណើច តែនាងមិនតបតអ្វីនោះទេ។ ជេស៊ីការបន្តនិយាយទៀតថា៖
-ណ្ហើយ... ឯងពិចារណាដោយខ្លួនឯងចុះ! ៣ឆ្នាំមុនឯងទទួលបានកាដូនៃការឈឺចាប់ តែឆ្នាំនេះឯងនឹងទទួលបានកាដូសេរីភាព ប្រសិនបើឯងប្តូរចិត្តគំនិត។
នៅពេលនោះ ជេស៊ីការដើរចេញពីនិរតីធ្វើមិនដឹង។ និរតីឃើញនាងដើរចេញដូច្នេះ ក៏ស្រែកពីក្រោយថា៖
-ឯងធុញដល់ថ្នាក់ដើរចេញផងហ្អេស?
ជេស៊ីកាមិនតបអ្វីទេ។ និរតីមានទឹកមុខស្មើ ហើយក៏សម្លឹងមើលទេសភាពខាងក្រៅផ្ទះទាំងសញ្ជឹងគិត។ បន្តិចក្រោយមក ជេស៊ីការក៏ដើរមកវិញ ដោយដៃរបស់នាងកាន់កាដូពណ៌ទឹកមាស ដែលវេចខ្ចប់យ៉ាងស្អាតមកជាមួយផង។ នាងហុចកាដូនោះឱ្យនិរតី។
-ណេះកាដូ យើងឱ្យឯង! រីករាយថ្ងៃណូអែល និងរីករាយឆ្នាំថ្មី សម្លាញ់! សង្ឃឹមថាកាដូនេះនឹងរួមចំណែកធ្វើឱ្យឯងមានភាពស្រស់ស្រាយ និងមានសេរីភាពអារម្មណ៍បានខ្លះៗ។
និរតីភ្ញាក់ផ្អើល ហើយរំភើបដោយនិយាយថា៖
-ជាអ្វីទៅហ្ន៎?
ជេស៊ីកាតប៖
-បើកមើលទៅឃើញហើយ...
និរតីស្រាយបូកាដូបើកមើល ក៏ឃើញាមានគ្រឿងសម្អាងដែលជាផលិលផលល្អៗដែលនាងចូលចិត្តប្រើ។ នាងរើមើលម្តងមួយៗទាំងទឹកមុខរំភើប។
-អូយ... រំភើបណាស់! សុទ្ធតែជារបស់ដែលគ្នាចូលចិត្តទាំងអស់ អរគុណណាស់សម្លាញ់!
ជេស៊ីកាឈរក្រពាត់ដៃហើយនិយាយថា៖
-នៅទេ! មិនទាន់អស់ទេ! នៅមានមួយទៀតចុងក្រោយ រើមើលឱ្យអស់មើល៍!
និរតីក្រឡេកមើលមុខជេស៊ីកាភ្លាមៗទាំងទឹកមុខភ្ញាក់មួយតង់ទៀត។
-ថាម៉េច នៅមានទៀត? អ្ហា...ជាស្អីអ៊ីចេះ?
និរតីរើមើលនៅបាតកាដូ ស្រាប់តែឃើញសំបុត្រយន្តហោះមួយសន្លឹក។ ពេលនោះ និរតីនិយាយទាំងភ្ញាក់ផ្អើល ព្រមទាំងឆ្ងល់ផងដែរ។
-អីគេហ្នឹង?
ជេស៊ីកាដើរមកអង្គុយនៅលើសាឡុងវិញ ហើយតបថា៖
-ឯងមិនស្គាល់សំបុត្រយន្តហោះទេឬ?
និរតីតបទាំងឆ្ងល់៖
-គ្នាស្គាល់តើ! តែនេះជាសំបុត្រយន្តហោះសម្រាប់អ្វីវិញ?
-ជេស៊ីកាញញឹម ហើយឆ្លើយថា៖
-គឺជាសំបុត្រយន្តហោះ សម្រាប់ទៅលេងទីក្រុង Las Vegas! យើងបានទិញទុកឱ្យឯង ហើយយើងក៏មានមួយសំបុត្រដែរ។ គ្នានឹងនាំឯងទៅលេងទីក្រុង Las Vegas ដើម្បីទៅឆ្លងឆ្នាំនៅទីនោះ ក្រែងលោបានស្រឡះមុខមាត់ខ្លះ!
ឮដូច្នេះហើយ និរតីញញឹមដោយក្ដីរំភើប ព្រមទាំងគាំងរកពាក្យអ្វីតបទៅជេស៊ីកាវិញពុំបាន បានត្រឹមមើលនាងភ្លឹះៗ។
-ម៉េចដែរ? ម៉េចបានស្ងាត់បាត់សំឡេងអ៊ីចឹង?
-មកពីគ្នារំភើបពេក! មិននឹកស្មានថាសម្លាញ់របស់ខ្ញុំ យកចិត្តទុក ដាក់នឹងខ្ញុំដល់ម្ល៉ឹងសោះ!
-អូខេ! អូខេ! បិទការរំភើបត្រឹមនេះចុះ! តស់យើងទៅផ្សាររកទិញអីបន្តិច!
-អេ ឈប់សិន! គ្នាក៏មានកាដូឱ្យឯងដែរ...ចាំបន្តិចគ្នាទៅយកសិន!
-អីយ៉ា...អ៊ីចឹងក៏បាន!
បន្តិចក្រោយមក និរតីក៏យកកាដូពណ៌ទឹកប្រាក់ដែលវេចខ្ចប់យ៉ាងស្រស់ស្អាតឱ្យជេស៊ីកា។ មិនចាំយូរ ជេស៊ីកាស្រាយបូបើកមើលបណ្តើរ ថែមទាំងនិយាយបណ្ដើរថា៖
-អ្ហោ! ជាស្អីគេអ៊ីចេះ?
និរតីតប៖
-គ្រាន់តែដឹងថា នៅក្នុងនោះគ្មានប្រេងកូឡាប្រេងខ្យល់ទៅបានហើយ...
ជេស៊ីកាអស់សំណើច។ កំពុងតែអស់សំណើចសុខៗ ស្រាប់តែនាងចំហមាត់ដោយការភ្ញាក់ផ្អើល។ ឃើញដូច្នេះ និរតីក៏និយាយថា៖
-ម៉េចហើយ?
-អ៎...អរគុណសម្លាញ់! ស្រឡាញ់កាដូនេះណាស់ រំភើបដល់ហើយ... មែនទែនទៅគ្នាចង់បាននាឡិកានេះយូរហើយ...
-អីចឹងហ្អេស? អូខេ អ៊ីចឹងបិទការរំភើបត្រឹមនេះម្តងទៀត តស់យើងទៅផ្សារ Walmart!
ជេស៊ីកាតបទាំងអស់សំណើច៖
-អូខេ តស់យើងទៅ!
ថ្ងៃទី២៦ ខែ១២ បានមកដល់! យប់នេះ និរតីបានអង្គុយសរសេរផែនការសម្រាប់ឆ្នាំថ្មីនៅក្នុងបន្ទប់តែម្នាក់ឯង។ នាងចំណាយពេលជាមួយខ្លួនឯងនឹងសេចក្តីពិតគ្រប់យ៉ាង។ និរតីចាប់ផ្តើមសរសេរចុះនូវរឿងរ៉ាងនៅក្នុងចិត្តដាក់នៅលើក្រដាស ដោយសំណេរទាំងនោះបានសរសេររៀបរាប់ថា៖
-ការឈឺចាប់ ចិត្តជូរចត់ ចិត្តសោកស្តាយ អំណួត ចិត្តបាក់ស្បាតនិងចិត្តមិនអត់ទោស យើងលែងឱ្យពួកឯងចេញទៅចុះ! អតីតកាលដែលសៅហ្មង យើងកប់ឯងក្នុងឆ្នាំចាស់នេះក្នុងពេលឥឡូវនេះ!
ពេលនោះ និរតីបានមូលក្រដាស់នោះយ៉ាងទក់ទី ហើយបោះចោលទៅក្នុងធុងសំរាមទាំងមុខមាំ។ បន្ទាប់ពីនេះ នាងក៏ទាញយកសៀវភៅមកសរសេរផែនការសម្រាប់ឆ្នាំថ្មី ក្នុងនោះបាវចនាសម្រាប់ឆ្នាំថ្មីរបស់នាងគឺ«សេរីភាព និងជីវិតថ្មី»។
ក្នុងពេលតែមួយ ងាកមកមើលជេស៊ីកាវិញម្តង នាងកំពុងអង្គុយសរសេរផែនការសម្រាប់ឆ្នាំថ្មីដូចគ្នា។ គ្រាន់តែម្នាក់កំពុងសរសេរដោយការឈឺចាប់និងឆន្ទៈថ្មី។ ចំណែកឯម្នាក់ទៀត សរសេរដោយស្នាមញញឹម និងកម្លាំងចិត្តសម្រាប់ជំហានបន្ទាប់។
រំលងបានប៉ុន្មានថ្ងៃ ថ្ងៃទី៣០ខែ១២ក៏ឈានមកដល់។ ថ្ងៃនេះនិរតីនិងជេស៊ីការបានជិះយន្តហោះទៅលេងទីក្រុង Las Vegas។ អ្នកទាំងពីរស្នាក់នៅសណ្ឋាគារមួយ ដែលជេស៊ីកាបានកក់ទុករួចជាស្រេច។ នៅពេលទៅដល់ក្នុងបន្ទប់នៃសណ្ឋាគារ ជេស៊ីកាទម្លាក់ខ្លួនចុះនៅលើសាឡុង ដោយនិយាយថា៖
-ហ៊ឹម... ទីបំផុតបានមកហើយ... អស់កម្លាំងណាស់!
ចំណែកឯនិរតីអើតតាមបង្អួចមើលទេសភាពទាំងញញឹម ហើយនិយាយមកកាន់ជេស៊ីកាថា៖
-ជេស៊ីកាមកនេះ! មើលទេសភាពស្អាតណាស់!
ជេស៊ីកាតប៖
-ពេលយប់ស្អាតជាងហ្នឹងទៀតហ្ន៎! ចាំស្អែកគ្នានឹងនាំឯងទៅដើរលេងក្នុងក្រុងនេះម្តង!
-អូ អរគុណសម្លាញ់!
នៅពេលម៉ោង៨យប់ ជេស៊ីកានិងនិរតីអង្គុយជជែកគ្នាលេង។ ជេស៊ីកាបាននិយាយទៅកាន់និរតីថា៖
-និរតី! ខ្វះតែមួយថ្ងៃទៀតទេ ឆ្លងដល់ឆ្នាំថ្មីហើយ មានអារម្មណ៍ម៉េចដែរ?
-គឺហាក់ដូចជាកំពុងឈរនៅផ្លូវបំបែករវាងផ្លូវបត់ទៅឆ្វេងនិងបត់ទៅស្តាំ។ នៅស្រណោះផ្លូវដែលធ្លាប់ដើរម្តងម្តាល។
-កុំងាកក្រោយអីសម្លាញ់! គ្រាន់តែផ្ចង់ចិត្តមើលទៅគោលបំណងខាងមុខបានហើយ។ អ្វីៗកន្លងផុតឱ្យវាហួសទៅចុះ! ដឹងទេ...សូម្បីតែមួយវិនាទីកន្លងផុត នោះក៏ជាអតីតកាលដែរ កុំរស់នៅក្នុងអតីតកាលអី!
និរតីតបវិញ៖
-យើងក៏ចង់ចាកចេញពីអតីតកាលដែរ តែត្រូវការកម្លាំងចិត្ត។
ជេស៊ីកា៖
-ឥឡូវអ៊ីចេះ! ថ្ងៃនេះឯងនិយាយរឿងរ៉ាវដែលពិបាកចិត្តឱ្យអស់ក្នុងឆ្នាំចាស់នេះជាលើកចុងក្រោយមក។ លើកនេះ គ្នាចាំស្តាប់ដោយចិត្តអត់ធ្មត់ ហើយមិនហិតប្រេងកូឡាទៀតទេ។ និយាយមកចុះ! គ្នានឹងធ្វើជាអ្នកស្តាប់ដ៏ល្អបំផុត និងជាធ្វើកម្លាំងចិត្ត ដើម្បីឱ្យឯងនិយាយចេញមកបានធូរទ្រូងខ្លះ។ និរតី! គ្នាឃើញកែវភ្នែករបស់ឯងមានបន្ទុក...ស្នាមញញឹមរបស់ឯងបានបិទបាំងភាពឈឺចាប់នៅខាងក្នុង។
មិនទាន់បាននិយាយអ្វីផង និរតីដក់ទឹកភ្នែកក្នុងកែវភ្នែករបស់នាង។ និរតីឱនមុខចុះបន្តិច ហើយយកដៃខ្ទប់មុខដោយអារម្មណ៍តានតឹងបំផុត។ នាងស្ងាត់មាត់មួយសន្ទុះ តែបន្តិចក្រោយមកនាងក៏ឆ្លើយតបវិញថា៖
-មែនទែនទៅ ប្រសិនបើមើលតាមភ្នែករបស់ឯង ប្រហែលជាឯងគិតថាវាជារឿងធម្មតា។ ប្រហែលជាឯងយល់ថា ឈប់គិតឈប់ខ្វល់ ទទួលយកការពិតគ្រប់យ៉ាង នោះចប់សព្វគ្រប់។ ប៉ុន្តែសម្រាប់គ្នាវិញពិតជាពិបាក! យើងស្ថិតនៅក្នុងស្ថានភាពនោះផ្ទាល់ យើងដឹងថាវាមានស្ថានទម្ងន់ដូចម្តេច គឺពិតជាធ្ងន់នៅក្នុងជម្រៅចិត្ត។
ជេស៊ីកាងក់ក្បាលដោយការយល់ចិត្តបំផុត។ និរតីក៏បន្តនិយាយទៀតថា៖
-ពួកយើងមានអនុស្សាវរីយ៍ច្រើន ហើយអនុស្សាវរីយ៍ទាំងនោះតែងតែរម្លឹកការចងចាំល្អៗ។ ដូច្នេះហើយទើបធ្វើឱ្យចិត្តនេះនៅនឹក ស្រណោះ។ គ្រាន់តែឃើញកន្លែងដែលធ្លាប់ញ៉ាំអីជាមួយគ្នា ក៏មានអារម្មណ៍ស្រណោះ! គ្រាន់តែឃើញអ្នកផ្សេងមុខស្រដៀងគេ ក៏មានអារម្មណ៍ភ្ញាក់ៗ។ គ្រាន់តែឮឈ្មោះ ឬសូរសព្ទសំឡេងស្រដៀងគ្នា ក៏មានអារម្មណ៍នឹកដល់។ និយាយរួមឱ្យតែពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាចាស់ មានអារម្មណ៍ថានឹកឃើញជានិច្ច។ មនុស្សធ្លាប់ស្រឡាញ់គ្នាខ្លាំង នៅពេលបែកគ្នាបែបនេះ គឺពិតជាពិបាកខ្លាំង ពិបាករហូតដល់អស់កម្លាំងចិត្ត មើលឃើញតែភាពអវិជ្ជមាន។
ជេស៊ីកាអង្អែលស្មានិរតីថ្នមៗ ដោយយកចិត្តទុកដាក់។
-យើងសុំទោស ពេលនេះទើបតែដឹង! មនុស្សម្នាក់ៗមានចំណុចខ្សោយរៀងៗខ្លួន ប្រហែលយើងគិតថាមិនមែនជារឿងធំដុំ ប៉ុន្តែសម្រាប់ឯងវិញ វាប្រៀបដូចជាទម្ងន់មួយនៅក្នុងចិត្ត។
និរតីងក់ក្បាលទាំងទឹកភ្នែក។ នាងនិយាយទៀតថា៖
-ត្រូវណាស់! នៅពេលនេះអារម្មណ៍និងចិត្តរបស់យើងហាក់ដូចជាទន់ខ្សោយ មើលឃើញតែភាពទុក្ខសោក និងចិត្តជូរចត់។ ពេលខ្លះយើងក៏ដឹងពីរបៀបដែលចាកចេញពីការឈឺចាប់នេះដែរ មិនមែនគ្នាមិនដឹងនោះទេ គឺដឹង! ហើយដឹងច្បាស់ទៀតផង! តែពេលខ្លះត្រូវការអ្នកលើកទឹកចិត្ត ជួយលើកយើងឡើង ស្រង់ពីរណ្ដៅនៃភាពឈឺចាប់នេះ ព្រោះចិត្តនេះកំពុងតែមានរបួស គ្មានកម្លាំងក្រោកឡើងដោយខ្លួនឯងទេ គឺត្រូវការម្នាក់ទៀត មកជួយគ្រាគ្នាឡើង។
ជេស៊ីការហុចក្រដាស់ជូតទឹកភ្នែកឱ្យនិរតី ហើយតបថា៖
-និរតី! គ្នាទើបតែយល់ ហើយកាន់តែយល់ពីអារម្មណ៍របស់ឯងថែមទៀត។ យើងលើកទឹកចិត្តឯងឱ្យនិយាយរឿងឈឺចាប់ទាំងនោះឱ្យអស់មក ហើយយំចុះ ដើម្បីឱ្យធូរទ្រូងបានខ្លះ។
និរតីនិយាយ៖
-ពេលនេះគ្នាចង់និយាយឱ្យអស់ពីភាពឈឺចាប់នេះ ហើយក៏ជាលើកចុងក្រោយដែរ ដែលត្រូវនឹកនាពីរឿងរ៉ាវនេះ។ នៅពេលមានរបួសលើកទីមួយនិងទីពីរ វាពិតជាឈឺចាប់! ទម្រាំតែព្យាបាលរបួសនោះជាសះស្បើយ ពិតជាត្រូវការពេលយូរបន្តិច ហើយស្អំចិត្តដោយថ្នាំនៃសេចក្តីស្រឡាញ់។ ហើយនៅពេលបានជាសះស្បើយហើយ វាគ្មានការឈឺចាប់អ្វីទៀតឡើយគ្រប់ពេលដែលនឹកឃើញ គ្រាន់តែមានស្លាកស្នាមនៅលើបេះដូងប៉ុណ្ណោះ តែវាមិនឈឺទេ។ ប៉ុន្តែដោយឡែក របួសទីបីនេះមិនទាន់ជានៅឡើយ ដូច្នេះគ្រប់ពេលដែលនឹកឃើញ នៅតែឈឺនៅតែនឹក។ ហើយរបួសនេះទៀតសោត វាមុតជ្រៅបន្តិចហើយ...
ជេស៊ីកាមើលមុខនិរតីដោយយកចិត្តទុកដាក់។ នាងសួរថា៖
-អាចប្រាប់បានទេ! វាមុតជ្រៅបែបណាវិញ?
និរតីតប៖
-វាមុតជ្រៅជាងគេ ដោយសារស្រឡាញ់ខ្លាំងជាងគេ។ ស្រឡាញ់ប៉ុណ្ណា ឈឺចាប់ប៉ុណ្ណឹងដែរ។ មុខរបួសទី៣នេះ មានមនោសញ្ចេតនាខ្លាំងជាងគេ មាននិស្ស័យជាងគេ ហើយក៏មិននឹកស្មានថាបែកគ្នាជាងគេដែរ។ នេះហើយ គឺជារោគសញ្ញានៃមុខរបួសមុតជ្រៅ។
ជេស៊ីកាស្តាប់ព្រមទាំងជញ្ជឹងគិតផងដែរ។
-ចុះ...ពេលណាឯងសម្រេចចិត្តថា នឹងចាកចេញពីការឈឺចាប់នេះ? ព្រោះបើឯងមានចិត្តចាកចេញ នោះសេរីភាពនឹងកើតមានតាមក្រោយ។ និរតី! គ្នាចង់លើកទឹកចិត្តឯងថា សូមអនុញ្ញាតឱ្យព្រះ ជាម្ចាស់ព្យាបាលមុខរបួសរបស់ឯង... ពីព្រោះរបួសនេះមិនអាចព្យាបាលដោយថ្នាំពេទ្យបានឡើយ គឺត្រូវព្យាបាលដោយថ្នាំនៃក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងលាងសម្អាតដោយសេចក្តីពិតវិញ។
និរតីងក់ក្បាលទាំងទឹកភ្នែក
-ចាស! បើតាមចិត្ត ពេលនេះជាលើកចុងក្រោយហើយ ចាប់ពីថ្ងៃស្អែកទៅ យើងនឹងរស់នៅជាមួយការពិត រស់នៅក្នុងបច្ចុប្បន្ន។ ពិតមែន គ្នាពិតជាត្រូវការក្តីស្រឡាញ់នៃព្រះមករុំរបួសនេះ!
ជេស៊ីកាអង្អែលខ្នងនិរតីថ្នមៗ។
-សង្ឃឹមថាឆ្នាំថ្មី អ្វីៗក៏ថ្មីដែរ! ណ្ហើយ...ឯងសម្រាកចុះ! តស់នាំគ្នាចូលគេង!
និរតីងក់ក្បាលយល់ព្រម។ ពេលនោះអ្នកទាំងពីរក៏នាំគ្នាចូលគេងទៅ។
ថ្ងៃទី៣១ ខែ១២បានមកដល់។ ព្រឹកនេះ និរតីនិងជេស៊ីកាស្លៀកពាក់យ៉ាងស្រស់ស្អាតត្រៀមចេញទៅក្រៅ។ ជេស៊ីកាបាននិយាយទៅកាន់និរតីថា៖
-យ៉េ...ថ្ងៃទី៣១ ខែ១២បានមកដល់ហើយ...ជាថ្ងៃចន្លោះរវាងឆ្នាំចាស់និងឆ្នាំថ្មី! ម៉េចហើយសម្លាញ់ មានអារម្មណ៍ម៉េចដែរ?
-គឺមានអារម្មណ៍ថ្មី!
ឮដូច្នេះជេស៊ីការាងភ្ញាក់ផ្អើល ហើយដាក់ភ្នែកមើលនិរតីយ៉ាងយកចិត្តទុកដាក់។
-ពិតមែនហ្អេស? បានប្រសើរហើយឬ?
-កុំរម្លឹកពីអតីតកាល ព្រោះឥឡូវយើងកំពុងរស់នៅក្នុងបច្ចុប្បន្ន។
-អីយ៉ា...មែនទែនឬ? អត់មានអ៊ិចសារ៉េឆ្លុះមើលដួងចិត្តទៀតណ៎ះ!
-បើចង់ឆ្លុះមើលដួងចិត្ត គឺត្រូវឆ្លុះមើលដោយកញ្ចក់នៃសេចក្តីពិត ព្រោះសេចក្តីពិត គឺជាកញ្ចក់ឆ្លុះមើលដល់ជម្រៅដួងចិត្តរបស់មនុស្សឯណោះ! ងាយៗ!
ឮដូច្នេះ ជេស៊ីការដើរទៅជិតនិរតីទាំងចំហមាត់ក្នុងដំណើរមួយៗទាំងភ្ញាក់ផ្អើល។ នាងមើលមុខនិរតីដោយយកចិត្តទុកដាក់ ព្រមទាំងយកដៃស្ទាបក្បាលបណ្តើរ ហើយនិយាយបណ្តើរថា៖
-ខ្លួនអត់ក្តៅទេត្រជាក់ធម្មតា តែម៉េចបានទៅជាអ៊ីចឹងហ្ន៎ត្រឹមតែមួយយប់សោះហ្នឹង?
និរតីតបដោយទំនុកចិត្ត។
-ការពិតរំដោះឱ្យមានសេរីភាព!
ជេស៊ីការងក់ក្បាលយ៉ាងញាប់ ទាំងញញឹម
-អូខេ! អ៊ីចឹងក៏អ៊ីចឹង! តស់យើងទៅញ៉ាំអាហារពេលព្រឹក។
-តស់!
នៅភោជនីយដ្ឋានក្នុងអគារ Aria អ្នកទាំងពីរស្រស់ស្រូបអាហារពេលព្រឹកយ៉ាងរីករាយនៅទីនោះ។ ខណៈពេលកំពុងញ៉ំា ជេស៊ីកាចេះតែលួចមើលមុខនិរតីដោយចម្លែកចិត្ត ដ្បិតនាងហាក់ដូចជាស្រស់ស្រាយខុសពីធម្មតា។ ក្រោយពីញ៉ំាអាហារពេលព្រឹករួចហើយ អ្នកទាំងពីរបានដើរលេងនៅរមណីយដ្ឋានMGM នៃអាគារ Aria និងកន្លែងផ្សេងទៀត ដោយថតរូបលេងយ៉ាងសប្បាយរីករាយ។ អស់ពីថតជុំគ្នាជាមួយជេស៊ីកា និរតីក៏បានថតរូបម្នាក់ឯងម្ដងដោយថតដោយខ្លួនឯង ស្រាប់តែថតជាប់បរុសម្នាក់កំពុងឈរនៅខាងក្រោយរាងខ្ពស់ស្រឡះចំពាក់កណ្តាលខ្លួន តែនាងមិនចាប់អារម្មណ៍ទេ។
បន្ទាប់ពីបានដើរលេងអស់រយៈពេលប៉ុន្មានម៉ោងមក អ្នកទាំងពីរក៏វិលត្រលប់ទៅសណ្ឋាគារវិញ។ និរតីក៏និយាយថា៖
-ហ៊ឹម...ពិតជាសប្បាយមែន!
ជេស៊ីកាញញឹម ហើយនិយាយថា៖
-យប់នេះនឹងទៅលេងម្តងទៀត ដើម្បីទៅឆ្លងឆ្នាំនៅកន្លែងនោះ។
-អ៊ីចឹងពួកយើងយកពេលនេះសម្រាកសិន ចាំយប់ចាំទៅរាប់លេខថយក្រោយ (Countdown) ទាំងអស់គ្នាម្តងទៀត!
ជេស៊ីកាទម្រេតខ្លួននៅលើពូក ដោយនិយាយថា៖
-អូខេ...ចាំយប់ចាំទៅម្តងទៀត តែពេលនេះសុំសម្រាកសិនហើយ...
ខណៈពេលជេស៊ីកាកំពុងតែគេង និរតីបានអង្គុយមើលរូបថតដែលនាងបានថតកាលពីព្រឹកមិញ ដោយមើលម្តងមួយៗ។ គួរឱ្យចាប់អារម្មណ៍ នៅពេលមើលដល់រូបថតមួយនោះ នាងស្រាប់តែឃើញបុរសម្នាក់នៅឈរពីក្រោយនាង។ ឃើញដូច្នេះ នាងក៏និយាយម្នាក់ឯងថា៖
-ខ្ញុំដូចធ្លាប់ឃើញម្នាក់នេះ នៅត្រង់ណាម្ដង មុខដូចស្រដៀងៗ! ពិតជាធ្លាប់ឃើញម្ដងមែន...
និរតីបែរមុខទៅបង្អួចទាំងទឹកមុខជញ្ជឹងគិត ហាក់ដូចជាកំពុងតែរកនឹក។
ដល់ម៉ោង8យប់ ជេស៊ីកា និងនិរតីរៀបចំខ្លួនចេញទៅដើរលេងនៅកន្លែងដដែលម្តងទៀត។ មនុស្សម្នាអ៊ូអរបានដើរលេងពេញទីក្រុង។ ម្នាក់ៗហាក់ដូចជាត្រៀមខ្លួនឆ្លងឆ្នាំថ្មី។ នៅពេលកាន់តែយប់ មេឃកាន់តែចុះត្រជាក់ និរតីនិយាយទាំងចេញផ្សែងតាមមាត់ថា៖
-ខ្វះ១០នាទីទៀត ដល់ម៉ោង១២ហើយ ជិតដល់ឆ្នាំថ្មីហើយ...តែអ៊ូយ...រងាណាស់!
ជេស៊ីកាអស់សំណើច ហើយនិយាយលេងថា៖
-រងាកាយមិនថ្វីទេ កុំឱ្យតែរងាចិត្ត
-អត់ទេ! ចិត្តកំពុងតែកក់ក្តៅ។
មួយសន្ទុះក្រោយមក ម៉ោង១១:៥៩នាទីក៏មកដល់។ មនុស្សម្នាយ៉ាងកកកុញនាំគ្នាឈរ ហើយលើកទូរសព្ទមកត្រៀមថតពេលគេបាញ់កាំជ្រួច។ ដោយឡែក ជេស៊ីកានិងនិរតីនៅឆ្ងាយពីហ្វូងមនុស្សបន្តិច ហើយនាំគ្នារាប់ថយក្រោយទាំងអស់គ្នាថា៖
-១០...៩...៨...៧...៦...៥...៤...៣...២....១...យ៉េ...រីករាយឆ្នាំថ្មី! សួស្តីថ្មី!
ពេលនោះ កាំជ្រួចត្រូវបានបាញ់ឡើង ឮសូរផូងផាងពេញទីក្រុង Las Vegas បាចសាចយ៉ាងស្រស់ស្អាតចេញជារូបរាងផ្សេងៗគ្នា។ ភ្លាមៗនោះ ជេស៊ីកានិងនិរតីបានអធិស្ឋានសម្រាប់ឆ្នាំថ្មី ខណៈពេលកាំជ្រួចកំពុងតែបាញ់ឡើង ដើម្បីអបអរឆ្នាំថ្មីនេះ។
ដោយសារមនុស្សច្រើនពេក អ្នកខ្លះដើរលឿន អ្នកខ្លះយឺតៗ ធ្វើឱ្យជេស៊ីកានិងនិរតីវង្វេងគ្នា។ និរតីដើររកជេស៊ីកា ដោយដើរឱនមុខបន្តិច ស្រាប់តែនាងដើរទល់នឹងស្បែកជើងប៊ូមួយគូរ នៅនឹងមុខ នាង។ និរតីក៏ឈប់ ហើយផ្អាកដើរទៅមុខ។ នាងសម្លឹងមើលម្ចាស់ស្បែកជើងប៊ូ ពីចុងជើងរហូតដល់ផ្ទៃមុខ។ នាងក្រឡេកឃើញចិញ្ចើមក្រាសរបស់បុរសម្នាក់នោះ នាងមានអារម្មណ៍ភ្ញាក់ៗ ហើយស្លុងអារម្មណ៍ ព្រោះកំលោះសង្ហានេះ គឺជាម្នាក់នៅក្នុងរូបថតដែលនិរតីបានថតជាប់កាលពីព្រឹកមិញ។
បុរសម្នាក់នោះហាក់ដូចជាឆ្ងល់ ព្រោះមិនដែលចួបគ្នាម្តងសោះ ម្តេចក៏ធ្វើដូចជាស្គាល់គ្នាតាំងពីអង្កាល់អ៊ីចឹង?។ ពេលនោះ កំលោះសង្ហារូបនោះ ក៏ដើរចៀសនាងទាំងដៃម្ខាងច្រត់ហោប៉ៅ ដៃម្ខាងទៀតកាន់ឆត្រដើរធ្វើប្រងើយ ខណៈពេលមេឃកំពុងតែរលឹមតិចៗ។ លោកផាយុទ្ធដើរហួសបានបន្តិច លោកក៏ងាកមកក្រោយ។ លោកបែរជាចាប់អារម្មណ៍មកលើនិរតីវិញភ្លាមៗ។ លោកក៏គិតក្នុងចិត្តថា៖
-ខ្ញុំមានអារម្មណ៍ថា...ដូចជាធ្លាប់ចួបនាងពីមុនមក!
លោកព្យាយាមរកនឹក ស្រាប់តែឃើញស្រមោលព្រាល នៅក្នុងការស្រមើស្រមៃរបស់លោក ដោយលោតរូបភាពនោះមកភ្លាមៗ។
ចំណែកឯងនិរតីវិញ នាងដើរទាំងភ្លឹកៗព្រោះកំពុងរកនឹកដូចគ្នា។ ចៃដន្យអីមេឃកំពុងរលឹមទៀត! និរតីបានយកដៃបាំងក្បាលកុំឱ្យត្រូវទឹកភ្លៀង ស្រាប់តែមានឆត្រមួយមកបាំងពីលើនាងកុំឱ្យត្រូវទឹកភ្លៀង។ ពេលនោះ និរតីក៏ឈប់ដើរភ្លាម ហើយក្រឡេកមើលដៃម្ចាស់ឆត្រ ស្រាប់តែឃើញលោកផាយុទ្ធម្តងទៀត។ លោកផាយុទ្ធនិយាយទៅនាងថា៖
-យើងធ្លាប់ចួបគ្នាពីមុនមកទេ?
និរតីភាំងអារម្មណ៍ ហើយក៏មើលមុខលោកផាយុទ្ធភ្លឹកៗ។ និរតីព្យាយាមរកនឹក ព្រោះនាងហាក់ដូចជាធ្លាប់ចួបលោកពីមុនមកដែរ ស្រមោលផ្ទៃមុខព្រាលៗ បានលោតមកនៅក្នុងការស្រមើស្រមៃរបស់នាងដូចគ្នា។ លោកផាយុទ្ធបន្តនិយាយទៀតថា៖
-ខ្ញុំមានអារម្មណ៍ថា ដូចជាធ្លាប់ឃើញអ្នកនាងពីមុនមក ទាំងដែលពួកយើងទាំងពីរមិនធ្លាប់ចួបគ្នាពីមុនសោះ! តែខ្ញុំប្រាកដចិត្តថា ខ្ញុំពិតជាធ្លាប់ឃើញអ្នកនាងពីមុនមកពិតមែន។
និរតីនិយាយទាំងមើលមុខផាយុទ្ធ៖
-លោកដូចជា...
លោកផាយុទ្ធតប៖
-ពិតមែនហើយ...អ្នកនាងដូចជា...
ពេលនោះអ្នកទាំងពីរនិយាយដំណាលគ្នានិងពាក្យដូចគ្នាថា៖
-នៅក្នុងសុបិន! In my prayer!
អ្នកទាំងពីរស្រឡាំងកាំងរៀងៗខ្លួន ដោយមើលមុខគ្នាទៅវិញទៅមក ដោយយកចិត្តទុកដាក់។
ស្រាប់ពេលនោះ តែជេស៊ីកាលាន់មាត់ថា៖
-អូ...យប់មិញពេលពួកយើងវង្វេងបាត់គ្នា ឯងបានចួបរឿងនេះទេឬ? អីយ៉ា...
និរតីតបភ្លាមៗ៖
-អីយ៉ាអី?
ជេស៊ីកាធ្វើជាមកខ្សឹបដាក់និរតីថា៖
-គឺ...ឆ្លងឆ្នាំឆ្លងស្នេហ៍នឹងណា៎!
-អ្ហើយ...ចេះតែថាហើយឯងនេះ!
-តែយ៉ាងណា យើងសួរឯងម្តងទៀត! ម៉េចហើយរឿងបេះដូង?
និរតីញញឹមដោយទំនុកចិត្ត ហើយឆ្លើយ៖
-ឆ្លងឆ្នាំឆ្លងចិត្ត! ពិតជាមានសេរីភាពពិតមែននៅពេលរស់នៅជាមួយការពិត... ការពិតរំដោះឱ្យមានសេរីភាពិតប្រាដកមែន! ហើយថ្នាំនៃសេចក្តីស្រឡាញ់បានបំពេញចិត្តឱ្យស្ងប់។ ពេលនេះបេះដូងដោះប៉ង់ស្មង់ចេញហើយ... ឥឡូវនេះអាចនិយាយបានថា ក្នុងចិត្តមានភាពល្អប្រសើរ!
-ហ៊ឹម...សប្បាយចិត្តណាស់ពេលឮដូច្នេះ!
ពេលនោះ ជេស៊ីកាធ្វើជាច្រៀងញោះនិរតីជា ភាសាខ្មែរលាយភាសាអង់គ្លេសដដែលៗថា៖
-សុបិនដូចគ្នា…The same dream… សុបិនដូចគ្នា...The same dream…សុបិនដូចគ្នា…The same dream…
និរតីអស់សំណើចតិចៗ ទាំងជ្រួញចិញ្ចើមដាក់ជេស៊ីកា។ បន្តិចក្រោយមក នាងអង្គុយផឹកកាហ្វេបែរមុខទៅកញ្ចក់បង្អួច ដោយទឹកមុខស្រស់ស្រាយ ហើយនិយាយនៅក្នុងចិត្តថា៖ ឆ្នាំថ្មី ចិត្តថ្មី! ឆ្នាំនៃសេរីភាព៕
Komentáře