top of page

រឿង៖ របួសទី៣ - The Third Wound ភាគ១

Updated: Jan 20


តើឫសគល់អ្វីដែលធ្វើឱ្យខ្ញុំនៅនឹកគេ ទាំងដែលពួកយើងបានបែកគ្នាយូរណាស់ហើយ? ចិត្តនៅមានសង្ឃឹមម្តងម្កាលទាំងដឹងថាគ្រប់យ៉ាងមិនអាចទៅរួច។ ពិតមែនហើយ ប្រហែលជាមានអ្វីមិនស្រួលក្នុងចិត្តហើយ...
តើឫសគល់អ្វីដែលធ្វើឱ្យខ្ញុំនៅនឹកគេ ទាំងដែលពួកយើងបានបែកគ្នាយូរណាស់ហើយ? ចិត្តនៅមានសង្ឃឹមម្តងម្កាលទាំងដឹងថាគ្រប់យ៉ាងមិនអាចទៅរួច។ ពិតមែនហើយ ប្រហែលជាមានអ្វីមិនស្រួលក្នុងចិត្តហើយ...

រាត្រីស្ងប់ស្ងាត់ និរតីអង្គុយស្តាប់ចម្រៀងមួយបទ ដែលជាបទចម្រៀងធ្លាប់ស្តាប់ជាមួយមនុស្សម្នាក់ ដែលខ្លួនធ្លាប់ស្រឡាញ់។ អារម្មណ៍លន្លង់លន្លោច គួរឱ្យលន្លោចចិត្ត លង់ទៅតាមអត្ថន័យនៃបទចម្រៀង។ នៅក្នុងបទចម្រៀងនោះ រៀបរាប់អំពីក្តីស្នេហាផ្អែមល្ហែម និងចិត្តនឹករម្លឹក។ និរតីកាន់តែស្តាប់កាន់តែស្រណោះ ដោយទ្រាំទ្រនឹងការស្តាប់បទនេះពុំបាន នាងក៏យកដៃចុចបិទ។ និរតីដោះកាស Bluetooth ចេញទុកនៅជិតទូរសព្ទ។

នាងនិយាយនៅក្នុងចិត្តម្នាក់ឯងថា៖

-តើឫសគល់អ្វីដែលធ្វើឱ្យខ្ញុំនៅនឹកគេ ទាំងដែលពួកយើងបានបែកគ្នាយូរណាស់ហើយ? ចិត្តនៅមានសង្ឃឹមម្តងម្កាលទាំងដឹងថាគ្រប់យ៉ាងមិនអាចទៅរួច។ ពិតមែនហើយ​ ប្រហែលជាមានអ្វីមិនស្រួលក្នុងចិត្តហើយ... នៅនឹកស្រណោះម្តងម្កាល... ចង់នៅជិត ចង់ឮសំឡេង និងចង់ឃើញមុខ ដើម្បីបំបាត់ចិត្តនឹកខ្លះ តែមិនអាចទៅរួចដូចការគិត។ ការពិត ពួកយើងបានបែកគ្នាហើយ ចុះម្តេចឡើយ ដួងចិត្តនេះមិនព្រមទទួលយកការពិតដូច្នេះ? ឱដួងចិត្តខ្ញុំអើយ...

និរតីទាញភួយមកគ្របដណ្ដប់ជើង ដើម្បីកុំឱ្យរងា។ នាងអង្គុយសណ្ដូកជើងនៅលើប៉ៅអីបត់ក្រោមសំយាបផ្ទះ ហើយបែរមុខទៅដើមឈើ​ អមទៅដោយបង្គោលភ្លើងពណ៌ពងមាន់ នៅក្បែរនោះផងដែរ។

ជេស៊ីកាបើកទា្វរផ្ទះអើតមក ហើយនិយាយទៅកាន់នរតីថា៖

-និរតីចូលមកក្នុងផ្ទះមក! បន្តិចទៀតនឹងមានព្រិលធ្លាក់មកហើយ ឧតុនិយមព្យាយករណ៍ប្រាប់ថា នឹងមានព្រិលធ្លាក់មកខ្លាំង!

និរតីងាកមកក្រោយ ដោយនិយាយថា៖

-បន្តិចទៀត គ្នាចូលទៅវិញហើយ...

នរតីងាកមុខមកវិញ​ សម្លឹងមើលទៅខាងមុខទាំងទឹកមុខសញ្ជឹងគិតបន្តទៀត។ បន្តិចក្រោយមក ជេស៊ីកាកាន់កែវតែក្ដៅមកពីរ គឺមួយជារបស់នាង និងមួយទៀតជារបស់និរតី។    ជេស៊ីកាដាក់កែវតែរបស់នាងនៅលើតុចន្លោះប៉ៅអីបត់ទាំងពីរ ហើយហុចកែវតែមួយទៀតឱ្យនិរតី។

-ណេះ! ផឹកតែក្តៅទៅ កុំឱ្យរងា!

និរតីយកកែវកំពុងក្តៅមកកាន់ក្នុងដៃ ដោយក្តោបដៃទាំងពីរយ៉ាងណែន ដើម្បីឱ្យកក់ក្តៅប្រអប់ដៃ។

-អរគុណណាស់!

ជេស៊ីកាផឹកបានបន្តិច នាងដាក់កែវតែចុះ​ ហើយនិយាយទៅកាន់និរតីថា៖

-វិស្សមកាលនេះ ឯងយកពេលមកទីនេះក៏ល្អម្យ៉ាងដែរ ដើម្បីប្ដូរ   បរិយាសកាសចេញម្តង ក្រែងលោបានប្តូរអារម្មណ៍បានខ្លះដែរ។

និរតីផឹកទឹកតែបណ្តើរមើលមុខជេស៊ីកាបណ្តើរ។ នាងដាក់កែវតែចុះនៅលើតុ ដោយដាក់ជិតកែវជេស៊ីកា។

-ពិតមែន! ពិតជាជួយគ្នាបានច្រើនមែន មានអារម្មណ៍ថាប្លែកម្យ៉ាង... ប៉ុន្តែមិនថាទៅទីណា ឬនៅទីណាក៏ដោយ បើចិត្តនេះមិនស្រឡះ ប្រៀបដូចជានៅកន្លែងចាស់ដដែលអ៊ីចឹង! វាគ្រាន់តែជួយបានតែមួយផ្នែកប៉ុណ្ណោះ!

ជេស៊ីកាច្រត់ចង្កាញញឹមប្របួចដាក់និរតី។

-អ៊ីចឹងមានន័យថា ចិត្តឯងមានរឿងអីមែន?

និរតីងាកយឺតៗមកមើលជេស៊ីកា ហើយក៏ងាកទៅវិញទាំងទឹកមុខញញឹមបែបអឹមអៀម។

-ចាំឆែកមើលបន្តិចសិន!

ជេស៊ីកាសួរសំណួរចាក់ដោតថា៖

-មានពិរុទ្ធក្នុងចិត្តហ្អេស? ឬក៏...បេះដូងឯងកំពុងប៉ង់ស្មង់?

និរតីស្ងាត់មាត់បន្តិច ហើយក៏ឆ្លើយថា៖

-ពិបាកថាដែរ ពេលខ្លះគិតថាមិនអីទេ! ប៉ុន្តែនៅពេលធ្វើអ្វីមួយពាក់ព័ន្ធនឹងរឿងអតីតកាល មានអារម្មណ៍ថា... នៅរអាៗម៉េចមិនដឹងទេ!

-មកពីមិនទាន់ជាសះទេដឹង?

-ប្រហែលហើយ...របួសនេះរាងមុតជ្រៅបន្តិច!

-អ៊ីចឹងត្រូវការគ្រូពេទ្យ នៃសេចក្តីពិតឆែកមើលបន្តិចហើយ ព្រោះថាបើមានមេរោគកុហកណាមួយនៅក្នុងចិត្ត នោះប្រាកដជាធ្វើទុក្ខឱ្យយើងឈឺចាប់ ប្រៀបដូចជាចិញ្ចឹមចិត្តជូរចត់អ៊ីចឹង!  សាកស្តាប់សំឡេងបេះដូងខ្លួនឯងមើល៍ ថានៅឈឺត្រង់ណា? បេះដូងនេះត្រូវកាអ្វី?

និរតីអស់សំណើច

-ពិតមែនហើយ...ការពិតនឹងរំដោះឱ្យមានសេរីភាព ប្រសិនបើចិត្តនេះទទួលយកការពិត! ប៉ុន្តែចិត្តគ្នាហាក់ដូចជាមិនទាន់ទទួលយកការពិតទាល់តែសោះ ដូច្នេះហើយបានជានៅតែរអាតិចៗ និងនៅស្ទាក់ស្ទើរៗ គ្នាពិតជាស្អប់ចិត្តស្ទាក់ស្ទើរណាស់!

ជេស៊ីកាគោះដៃនិរតីតិចៗ

-ត្រូវហើយសម្លាញ់! ចុងឆ្នាំហើយ...សល់តែប៉ុន្មានថ្ងៃទៀតឆ្លងដល់ឆ្នាំថ្មីហើយ អ៊ីចឹងសម្អាតរឿងចាស់ៗឱ្យអស់! រឿងរ៉ាវអតីតកាលកប់ចោលក្នុងឆ្នាំចាស់ឱ្យអស់! ហើយចាប់ផ្តើមសាជាថ្មី និងរៀបចំអ្វីៗសាជាថ្មីសម្រាប់ឆ្នាំថ្មីខាងមុខនេះ!

និរតីងក់ក្បាលទាំងញញឹម។ ជេស៊ីកាបន្តសួរទៀតថា៖

-ត្រៀមខ្លួនរួចហើយនៅ? បោះជំហានថ្មី!

និរតីរអាក់រអួលនឹងឆ្លើយសំណួរនេះ ដោយឆ្លើយរាងទាក់ៗ

-ដូចជា...មិនទាន់រួចរាល់ទេ!

-មិនទាន់រួលរាល់ក៏ត្រូវតែរួចរាល់ដែរ តស់បោះជំហានចូលក្នុងផ្ទះវិញ ព្រោះព្រិលធ្លាក់មកហើយ!

អ្នកទាំងពីរនាំគ្នាអស់សំណើច ហើយក៏រត់ចូលទៅក្នុងផ្ទះវិញជា ប្រញាប់ ព្រមទាំងលាន់មាត់ព្រមគ្នាថា​៖

-អូយ...ត្រជាក់ណាស់! ។

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page