top of page

រឿង៖ របួសទី៣ - The Third Wound ភាគ៤

Updated: Jan 20


ការឈឺចាប់ ចិត្តជូរចត់ ចិត្តសោកស្តាយ អំណួត ចិត្តបាក់ស្បាតនិងចិត្តមិនអត់ទោស យើងលែងឱ្យពួកឯងចេញទៅចុះ! អតីតកាលដែលសៅហ្មង យើងកប់ឯងក្នុងឆ្នាំចាស់នេះក្នុងពេលឥឡូវនេះ!
ការឈឺចាប់ ចិត្តជូរចត់ ចិត្តសោកស្តាយ អំណួត ចិត្តបាក់ស្បាតនិងចិត្តមិនអត់ទោស យើងលែងឱ្យពួកឯងចេញទៅចុះ! អតីតកាលដែលសៅហ្មង យើងកប់ឯងក្នុងឆ្នាំចាស់នេះក្នុងពេលឥឡូវនេះ!

ថ្ងៃទី២៦ ខែ១២ បានមកដល់! យប់នេះ និរតីបានអង្គុយសរសេរផែនការសម្រាប់ឆ្នាំថ្មីនៅក្នុងបន្ទប់តែម្នាក់ឯង។ នាងចំណាយពេលជាមួយខ្លួនឯងនឹងសេចក្តីពិតគ្រប់យ៉ាង។ និរតីចាប់ផ្តើមសរសេរចុះនូវរឿងរ៉ាងនៅក្នុងចិត្តដាក់នៅលើក្រដាស ដោយសំណេរទាំងនោះបានសរសេររៀបរាប់ថា៖

-ការឈឺចាប់ ចិត្តជូរចត់ ចិត្តសោកស្តាយ អំណួត ចិត្តបាក់ស្បាតនិងចិត្តមិនអត់ទោស យើងលែងឱ្យពួកឯងចេញទៅចុះ! អតីតកាលដែលសៅហ្មង យើងកប់ឯងក្នុងឆ្នាំចាស់នេះក្នុងពេលឥឡូវនេះ!

ពេលនោះ និរតីបានមូលក្រដាស់នោះយ៉ាងទក់ទី ហើយបោះចោលទៅក្នុងធុងសំរាមទាំងមុខមាំ។ បន្ទាប់ពីនេះ នាងក៏ទាញយកសៀវភៅមកសរសេរផែនការសម្រាប់ឆ្នាំថ្មី ក្នុងនោះបាវចនាសម្រាប់ឆ្នាំថ្មីរបស់នាងគឺ«សេរីភាព និងជីវិតថ្មី»។

ក្នុងពេលតែមួយ ងាកមកមើលជេស៊ីកាវិញម្តង នាងកំពុងអង្គុយសរសេរផែនការសម្រាប់ឆ្នាំថ្មីដូចគ្នា។ គ្រាន់តែម្នាក់កំពុងសរសេរដោយការឈឺចាប់និងឆន្ទៈថ្មី។ ចំណែកឯម្នាក់ទៀត សរសេរដោយស្នាមញញឹម និងកម្លាំងចិត្តសម្រាប់ជំហានបន្ទាប់។

រំលងបានប៉ុន្មានថ្ងៃ ថ្ងៃទី៣០ខែ១២ក៏ឈានមកដល់។ ថ្ងៃនេះនិរតីនិងជេស៊ីការបានជិះយន្តហោះទៅលេងទីក្រុង Las Vegas។ អ្នកទាំងពីរស្នាក់នៅសណ្ឋាគារមួយ ដែលជេស៊ីកាបានកក់ទុករួចជាស្រេច។ នៅពេលទៅដល់ក្នុងបន្ទប់នៃសណ្ឋាគារ ជេស៊ីកាទម្លាក់ខ្លួនចុះនៅលើសាឡុង ដោយនិយាយថា៖

-ហ៊ឹម... ទីបំផុតបានមកហើយ... អស់កម្លាំងណាស់!

ចំណែកឯនិរតីអើតតាមបង្អួចមើលទេសភាពទាំងញញឹម ហើយនិយាយមកកាន់ជេស៊ីកាថា៖

-ជេស៊ីកាមកនេះ! មើលទេសភាពស្អាតណាស់!

ជេស៊ីកាតប៖

-ពេលយប់ស្អាតជាងហ្នឹងទៀតហ្ន៎! ចាំស្អែកគ្នានឹងនាំឯងទៅដើរលេងក្នុងក្រុងនេះម្តង!

-អូ អរគុណសម្លាញ់!

នៅពេលម៉ោង៨យប់ ជេស៊ីកានិងនិរតីអង្គុយជជែកគ្នាលេង។ ជេស៊ីកាបាននិយាយទៅកាន់និរតីថា៖

-និរតី! ខ្វះតែមួយថ្ងៃទៀតទេ ឆ្លងដល់ឆ្នាំថ្មីហើយ មានអារម្មណ៍ម៉េចដែរ?

-គឺហាក់ដូចជាកំពុងឈរនៅផ្លូវបំបែករវាងផ្លូវបត់ទៅឆ្វេងនិងបត់ទៅស្តាំ។ នៅស្រណោះផ្លូវដែលធ្លាប់ដើរម្តងម្តាល។

-កុំងាកក្រោយអីសម្លាញ់! គ្រាន់តែផ្ចង់ចិត្តមើលទៅគោលបំណងខាងមុខបានហើយ។ អ្វីៗកន្លងផុតឱ្យវាហួសទៅចុះ! ដឹងទេ...សូម្បីតែមួយវិនាទីកន្លងផុត នោះក៏ជាអតីតកាលដែរ កុំរស់នៅក្នុងអតីតកាលអី!

និរតីតបវិញ៖

-យើងក៏ចង់ចាកចេញពីអតីតកាលដែរ តែត្រូវការកម្លាំងចិត្ត។

ជេស៊ីកា៖

-ឥឡូវអ៊ីចេះ! ថ្ងៃនេះឯងនិយាយរឿងរ៉ាវដែលពិបាកចិត្តឱ្យអស់ក្នុងឆ្នាំចាស់នេះជាលើកចុងក្រោយមក។ លើកនេះ គ្នាចាំស្តាប់ដោយចិត្តអត់ធ្មត់ ហើយមិនហិតប្រេងកូឡាទៀតទេ។ និយាយមកចុះ! គ្នានឹងធ្វើជាអ្នកស្តាប់ដ៏ល្អបំផុត និងជាធ្វើកម្លាំងចិត្ត ដើម្បីឱ្យឯងនិយាយចេញមកបានធូរទ្រូងខ្លះ។ និរតី! គ្នាឃើញកែវភ្នែករបស់ឯងមានបន្ទុក...ស្នាមញញឹមរបស់ឯងបានបិទបាំងភាពឈឺចាប់នៅខាងក្នុង។

មិនទាន់បាននិយាយអ្វីផង និរតីដក់ទឹកភ្នែកក្នុងកែវភ្នែករបស់នាង។ និរតីឱនមុខចុះបន្តិច ហើយយកដៃខ្ទប់មុខដោយអារម្មណ៍តានតឹងបំផុត។ នាងស្ងាត់មាត់មួយសន្ទុះ តែបន្តិចក្រោយមកនាងក៏ឆ្លើយតបវិញថា៖

-មែនទែនទៅ ប្រសិនបើមើលតាមភ្នែករបស់ឯង ប្រហែលជាឯងគិតថាវាជារឿងធម្មតា។ ប្រហែលជាឯងយល់ថា ឈប់គិតឈប់ខ្វ​ល់ ទទួលយកការពិតគ្រប់យ៉ាង នោះចប់សព្វគ្រប់។ ប៉ុន្តែសម្រាប់គ្នាវិញពិតជាពិបាក! យើងស្ថិតនៅក្នុងស្ថានភាពនោះផ្ទាល់ យើងដឹងថាវាមានស្ថានទម្ងន់ដូចម្តេច គឺពិតជាធ្ងន់នៅក្នុងជម្រៅចិត្ត។

ជេស៊ីកាងក់ក្បាលដោយការយល់ចិត្តបំផុត។ និរតីក៏បន្តនិយាយទៀតថា៖

-ពួកយើងមានអនុស្សាវរីយ៍ច្រើន ហើយអនុស្សាវរីយ៍ទាំងនោះតែងតែរម្លឹកការចងចាំល្អៗ។ ដូច្នេះហើយទើបធ្វើឱ្យចិត្តនេះនៅនឹក ស្រណោះ។ គ្រាន់តែឃើញកន្លែងដែលធ្លាប់ញ៉ាំអីជាមួយគ្នា ក៏មានអារម្មណ៍ស្រណោះ!​ គ្រាន់តែឃើញអ្នកផ្សេងមុខស្រដៀងគេ ក៏មានអារម្មណ៍ភ្ញាក់ៗ។ គ្រាន់តែឮឈ្មោះ ឬសូរសព្ទសំឡេងស្រដៀងគ្នា​ ក៏មានអារម្មណ៍នឹកដល់។ និយាយរួមឱ្យតែពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាចាស់ មានអារម្មណ៍ថានឹកឃើញជានិច្ច។ មនុស្សធ្លាប់ស្រឡាញ់គ្នាខ្លាំង នៅពេលបែកគ្នាបែបនេះ គឺពិតជាពិបាកខ្លាំង ពិបាករហូតដល់អស់កម្លាំងចិត្ត មើលឃើញតែភាពអវិជ្ជមាន។

ជេស៊ីកាអង្អែលស្មានិរតីថ្នមៗ ដោយយកចិត្តទុកដាក់។

-យើងសុំទោស ពេលនេះទើបតែដឹង! មនុស្សម្នាក់ៗមានចំណុចខ្សោយរៀងៗខ្លួន ប្រហែលយើងគិតថាមិនមែនជារឿងធំដុំ ប៉ុន្តែសម្រាប់ឯងវិញ វាប្រៀបដូចជាទម្ងន់មួយនៅក្នុងចិត្ត។​

និរតីងក់ក្បាលទាំងទឹកភ្នែក។ នាងនិយាយទៀតថា៖

-ត្រូវណាស់! នៅពេលនេះអារម្មណ៍និងចិត្តរបស់យើងហាក់ដូចជាទន់ខ្សោយ មើលឃើញតែភាពទុក្ខសោក និងចិត្តជូរចត់។ ពេលខ្លះយើងក៏ដឹងពីរបៀបដែលចាកចេញពីការឈឺចាប់នេះដែរ មិនមែនគ្នាមិនដឹងនោះទេ គឺដឹង! ហើយដឹងច្បាស់ទៀតផង! តែពេលខ្លះត្រូវការអ្នកលើកទឹកចិត្ត ជួយលើកយើងឡើង ស្រង់ពីរណ្ដៅនៃភាពឈឺចាប់នេះ ព្រោះចិត្តនេះកំពុងតែមានរបួស គ្មានកម្លាំងក្រោកឡើងដោយខ្លួនឯងទេ គឺត្រូវការម្នាក់ទៀត មកជួយគ្រាគ្នាឡើង។

ជេស៊ីការហុចក្រដាស់ជូតទឹកភ្នែកឱ្យនិរតី ហើយតបថា៖

-និរតី! គ្នាទើបតែយល់ ហើយកាន់តែយល់ពីអារម្មណ៍របស់ឯងថែមទៀត។ យើងលើកទឹកចិត្តឯងឱ្យនិយាយរឿងឈឺចាប់ទាំងនោះឱ្យអស់មក ហើយយំចុះ ដើម្បីឱ្យធូរទ្រូងបានខ្លះ។

និរតីនិយាយ៖

-ពេលនេះគ្នាចង់និយាយឱ្យអស់ពីភាពឈឺចាប់នេះ ហើយក៏ជាលើកចុងក្រោយដែរ ដែលត្រូវនឹកនាពីរឿងរ៉ាវនេះ។ នៅពេលមានរបួសលើកទីមួយនិងទីពីរ វាពិតជាឈឺចាប់! ទម្រាំតែព្យាបាលរបួសនោះជាសះស្បើយ ពិតជាត្រូវការពេលយូរបន្តិច ហើយស្អំចិត្តដោយថ្នាំនៃសេចក្តីស្រឡាញ់។ ហើយនៅពេលបានជាសះស្បើយហើយ វាគ្មានការឈឺចាប់អ្វីទៀតឡើយគ្រប់ពេលដែលនឹកឃើញ គ្រាន់តែមានស្លាកស្នាមនៅលើបេះដូងប៉ុណ្ណោះ តែវាមិនឈឺទេ។ ប៉ុន្តែដោយឡែក របួសទីបីនេះមិនទាន់ជានៅឡើយ ដូច្នេះគ្រប់ពេលដែលនឹកឃើញ នៅតែឈឺនៅតែនឹក។ ហើយរបួសនេះទៀតសោត វាមុតជ្រៅបន្តិចហើយ...

ជេស៊ីកាមើលមុខនិរតីដោយយកចិត្តទុកដាក់។ នាងសួរថា៖

-អាចប្រាប់បានទេ! វាមុតជ្រៅបែបណាវិញ?

និរតីតប៖

-វាមុតជ្រៅជាងគេ ដោយសារស្រឡាញ់ខ្លាំងជាងគេ។ ស្រឡាញ់ប៉ុណ្ណា ឈឺចាប់ប៉ុណ្ណឹងដែរ។ មុខរបួសទី៣នេះ មានមនោសញ្ចេតនាខ្លាំងជាងគេ មាននិស្ស័យជាងគេ ហើយក៏មិននឹកស្មានថាបែកគ្នាជាងគេដែរ។ នេះហើយ គឺជារោគសញ្ញានៃមុខរបួសមុតជ្រៅ។

ជេស៊ីកាស្តាប់ព្រមទាំងជញ្ជឹងគិតផងដែរ។

-ចុះ...ពេលណាឯងសម្រេចចិត្តថា នឹងចាកចេញពីការឈឺចាប់នេះ? ព្រោះបើឯងមានចិត្តចាកចេញ នោះសេរីភាពនឹងកើតមានតាមក្រោយ។ និរតី! គ្នាចង់លើកទឹកចិត្តឯងថា សូមអនុញ្ញាតឱ្យព្រះ     ជាម្ចាស់ព្យាបាលមុខរបួសរបស់ឯង... ពីព្រោះរបួសនេះមិនអាចព្យាបាលដោយថ្នាំពេទ្យបានឡើយ គឺត្រូវព្យាបាលដោយថ្នាំនៃក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងលាងសម្អាតដោយសេចក្តីពិតវិញ។

និរតីងក់ក្បាលទាំងទឹកភ្នែក

-ចាស! បើតាមចិត្ត ពេលនេះជាលើកចុងក្រោយហើយ ចាប់ពីថ្ងៃស្អែកទៅ យើងនឹងរស់នៅជាមួយការពិត​ រស់នៅក្នុងបច្ចុប្បន្ន។ ពិតមែន គ្នាពិតជាត្រូវការក្តីស្រឡាញ់នៃព្រះមករុំរបួសនេះ!

ជេស៊ីកាអង្អែលខ្នងនិរតីថ្នមៗ។

-សង្ឃឹមថាឆ្នាំថ្មី អ្វីៗក៏ថ្មីដែរ! ណ្ហើយ...ឯងសម្រាកចុះ! តស់នាំគ្នាចូលគេង!

និរតីងក់ក្បាលយល់ព្រម។ ពេលនោះអ្នកទាំងពីរក៏នាំគ្នាចូលគេងទៅ។

 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page